ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបើកវគ្គអន្តរជាតិអំពីសេវា ជំនាញ និងនវានុវត្តន៍ទេសចរណ៍មេគង្គ–ឡានឆាង

KPS99TV

សេចក្តីសង្ខេប

លោក ហួត ហាក់ បានបើកវគ្គបណ្តុះបណ្តាលនៅកំពតថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយមានអ្នកជំនាញ និងអ្នកវិជ្ជាជីវៈជាង២០០នាក់ពីប្រទេសក្នុងតំបន់។

កំពត៖ កម្ពុជាបានបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស និងការប្រើប្រាស់នវានុវត្តន៍ក្នុងវិស័យទេសចរណ៍ នៅក្នុងតំបន់មេគង្គ–ឡានឆាង តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលអន្តរជាតិស្តីពី «សេវាឧត្ដមភាព ការអភិវឌ្ឍជំនាញ និងនវានុវត្តន៍ទេសចរណ៍» ដែលប្រមូលផ្តុំអ្នកជំនាញ និងអ្នកវិជ្ជាជីវៈជាង ២០០នាក់មកពីប្រទេសក្នុងតំបន់។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានបើកជាផ្លូវការ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពី ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិមកពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា រួមជាមួយសាស្រ្តាចារ្យ និងអ្នកជំនាញទេសចរណ៍ជាច្រើនរូប។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវគ្គបណ្ដុះបណ្ដាលអន្តរជាតិនេះ ដោយចាត់ទុកថាជាវេទិកាសំខាន់មួយសម្រាប់ពង្រឹងសមត្ថភាពធនធានមនុស្ស និងជំរុញការប្រើប្រាស់គំនិតច្នៃប្រឌិតថ្មីៗក្នុងវិស័យទេសចរណ៍។ ជាមួយគ្នានេះ វាក៏ជាឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍ និងការតភ្ជាប់រវាងប្រជាជននៃបណ្ដាប្រទេសក្នុងអាងទន្លេមេគង្គផងដែរ។ គម្រោងបណ្ដុះបណ្ដាលនេះទទួលបានការគាំទ្រពេញលេញពីភាគីមិត្តចិន។

ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានបង្ហាញពីសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគរបស់ខេត្តកំពត ដែលជាគោលដៅទេសចរណ៍សំខាន់មួយរបស់កម្ពុជា។ ខេត្តកំពតត្រូវបានទទួលស្គាល់ជាទីក្រុងជ័យលាភី «ផ្ការំដួល ៣ទង» ថ្នាក់ជាតិជាបន្តបន្ទាប់ និងទទួលបានពានរង្វាន់ «ទីក្រុងទេសចរណ៍ស្អាតអាស៊ាន» ចំនួន២លើក ព្រមទាំងពានរង្វាន់ជាច្រើនទៀតទាក់ទងនឹងសណ្ឋាគារបៃតង និងផ្ទះស្នាក់សហគមន៍។

ស្ថិតិទេសចរណ៍បង្ហាញថា ក្នុងឆ្នាំ២០២៥ ខេត្តកំពតបានទទួលភ្ញៀវទេសចរជិត ២,៩លាននាក់ កើនឡើងប្រមាណ ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ខណៈភ្ញៀវទេសចរបរទេសមានកំណើនជិត ២០ភាគរយ។

ឯកឧត្តម ហួត ហាក់ ក៏បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង និងបន្ថែមអត្ថន័យដល់ទំនាក់ទំនងកម្ពុជា-ចិន ដែលមានប្រវត្តិយូរអង្វែងរយៈពេល ៦៧ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួម កម្ពុជា-ចិន» ក្នុងយុគសម័យថ្មី។

ជាពិសេស វេទិកានេះផ្តល់ឱកាសឱ្យយុវជន អ្នកជំនាញ និងសហគ្រិនក្នុងវិស័យទេសចរណ៍ពីបណ្ដាប្រទេសសមាជិក អាចចែករំលែកបទពិសោធន៍ បង្កើតបណ្ដាញសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគរួមគ្នា ដើម្បីជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងតំបន់ បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។

វគ្គបណ្ដុះបណ្ដាលនេះ ក៏ត្រូវបានរំពឹងថានឹងជួយលើកកម្ពស់គុណភាពសេវាទេសចរណ៍ បង្កើនភាពប្រកួតប្រជែង និងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់តំបន់អាងទន្លេមេគង្គឱ្យកាន់តែច្រើននាពេលខាងមុខ។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…