ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោក ឌិត ទីណា ពិភាក្សាវិនិយោគកែច្នៃម្រេចជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់និង Fuchs

KPS99TV

សេចក្តីសង្ខេប

ជំនួបថ្ងៃទី១២ ខែមីនា មានលោក Stefan Messerer និងគណៈប្រតិភូដឹកនាំដោយលោក Nils Meyer-Pries ដើម្បីពិភាក្សាសហប្រតិបត្តិការកសិកម្ម និងឱកាសកែច្នៃម្រេច។

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe ដឹកនាំដោយលោក Nils Meyer-Pries អគ្គនាយកក្រុមហ៊ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជា និងអាល្លឺម៉ង់ ក្នុងវិស័យកសិកម្ម ជាពិសេសការគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាលស្តីពីការអនុវត្តកសិកម្មល្អ (GAP) ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាព និងស្តង់ដារកសិផលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារអន្តរជាតិ។

ឯកឧត្តម ឌិត ទីណា ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Fuchs Gruppe ក្នុងការសិក្សាឱកាសវិនិយោគលើការកែច្នៃម្រេចកម្ពុជា ដែលត្រូវបានចាត់ទុកថាជាផលិតផលកសិកម្មមានសក្តានុពលខ្ពស់។ ការវិនិយោគនេះ នឹងជួយបង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ក៏ដូចជាជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារពិភពលោក។

ជាទីបញ្ចប់ ភាគីកម្ពុជា និងអាល្លឺម៉ង់ បានបង្ហាញសុទិដ្ឋិនិយមចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែង ក្នុងគោលបំណងជំរុញកសិ-ពាណិជ្ជកម្ម ក៏ដូចជាការកែលម្អប្រសិទ្ធភាព និងនិរន្តរភាពនៃវិស័យកសិកម្មកម្ពុជា៕ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…