គិតមកដល់ពេលនេះ មិនមែនមានតែស្ថានីយប្រេងនៅតាមបណ្តាខេត្តទេដែលប្រកាសបិទទ្វារ សូម្បីតែនៅរាជធានីភ្នំពេញក៏មានស្ថានីយប្រេងប្រមាណជិត ៥០កន្លែងបានផ្អាកអាជីវកម្មដែរ តែមិនបង្កឱ្យមានចលាចលដល់សង្គមនោះឡើយ។
លោក ងី ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញ បានឱ្យដឹងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ដឹកនាំដោយឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមីនាថា នៅរាជធានីភ្នំពេញមានស្ថានីយប្រេងឥន្ធនៈចំនួនជាង ៤៤៧កន្លែង ខណៈសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលរួមជាមួយអាមេរិក បានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ នាំឱ្យស្ថានីយប្រេងជិត ៥០កន្លែងបានផ្អាកអាជីវកម្មដោយសារមានបញ្ហាពីការផ្គត់ផ្គង់ក្រុមហ៊ុន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាមិនបង្កឱ្យមានចលាចលក្នុងសង្គមឡើយ។ ស្ថានីយប្រេងឥន្ធនៈធំៗ បើកអាជីវកម្មធម្មតា មិនមានដំឡើងតម្លៃស្រេចតែចិត្តនោះទេ។
យ៉ាងណា មិនមែនមានតែរាជធានីភ្នំពេញនោះទេដែលមានស្ថានីយប្រេងសាំងប្រកាសបិទទ្វារ ពោលគឺនៅតាមបណ្តាខេត្តផ្សេងៗក៏ប្រកាសបិទទ្វារដូចគ្នាដែរ ហើយខេត្តខ្លះក៏មានស្ថានីយប្រេងប្រកាសបិទរហូតដល់រាប់រយស្ថានីយទៀតផង។ បើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជាមានស្ថានីយ និងដេប៉ូសាំងប្រមាណ ៦៣០០កន្លែង ខណៈស្ថានីយ និងដេប៉ូប្រមាណ ២០០០កន្លែង បានប្រកាសបិទទ្វារបណ្ដោះអាសន្ន ក្នុងអំឡុងពេលមានបញ្ហាប្រេងឡើងថ្លៃខ្ពស់ព្រោះសង្គ្រាមនៅមជ្ឈិមបូព៌ា។
ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះតាមដានសភាពការណ៍នៅតាមស្ថានីយប្រេងក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ ដើម្បីឱ្យម្ចាស់ស្ថានីយប្រេងគោរពទៅតាមតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់៕
ដោយ៖ ង៉ែត ពិសាន្ត










