រាជរដ្ឋាភិបាល តាមរយៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ ដែលមានទីតាំងស្ថិតនៅភូមិព្រែកទាល់ និងភូមិព្រែកសង្កែ ក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមសេចក្តីសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទើបទទួលបាននៅព្រឹកថ្ងៃទី១៣ ខែមីនា បានបញ្ជាក់ថា រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ មានតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬគណៈកម្មាធិការវិនិយោគកម្ពុជា ជាប្រធាន និងមានសមាជិកចំនួន៤ក្រសួង-ស្ថាប័នផ្សេងទៀត។
បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ បង្កើតឡើងដើម្បីត្រួតពិនិត្យតាមមុខជំនាញសមត្ថកិច្ចចំពោះការចេញពី និងចូលមកនូវទំនិញ មធ្យោបាយ និងជនានុជនគ្រប់រូបរបស់តំបន់។ អនុវត្តការត្រួតពិនិត្យបែបបទគយ សម្រាប់ការចេញ-ចូលទំនិញ និងសម្រួលបែបបទរដ្ឋបាលដល់កិច្ចដំណើរការរបស់តំបន់ ជាមួយក្រសួង-ស្ថាប័ន មានសមត្ថកិច្ចជំនាញនានារបស់រាជរដ្ឋាភិបាល។ ត្រួតពិនិត្យការអនុវត្តការងាររបស់អ្នកអភិវឌ្ឍន៍តំបន់ និងអ្នកវិនិយោគក្នុងតំបន់លើរាល់សកម្មភាពនៅក្នុងតំបន់ ដោយផ្អែកតាមគោលការណ៍ដែលបានកំណត់។
បន្ថែមពីនេះ ត្រូវពិនិត្យលើសំណើសុំចុះបញ្ជីវិនិយោគ ពិនិត្យផ្ដល់ជូននូវការលើកទឹកចិត្ត ការចេញលិខិតអនុញ្ញាត អាជ្ញាបណ្ណ វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ដែលបានស្នើឡើងដោយអ្នកវិនិយោគក្នុងតំបន់ ដើម្បីធ្វើការសម្រេចជូននៅនឹងកន្លែង និងធ្វើការត្រួតពិនិត្យការងារសកម្មភាពតាមមុខជំនាញនៅក្នុងតំបន់។ យ៉ាងណា ត្រូវសហការជាមួយអ្នកអភិវឌ្ឍន៍តំបន់ ដោះស្រាយការងារដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន។
ម៉្យាងវិញទៀត ត្រូវសម្រួលរាល់បែបបទដែលពាក់ព័ន្ធឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ធ្វើរបាយការណ៍ការងារប្រចាំខែ ប្រចាំត្រីមាស ឆមាស និងឆ្នាំ ពីសកម្មភាពរបស់តំបន់ ជូនមកក្រសួង-ស្ថាប័នគ្រប់គ្រង និងគណៈកម្មាធិការវិនិយោគកម្ពុជា ធ្វើកិច្ចការផ្សេងៗទៀត ក្នុងការសម្របសម្រួលដោះស្រាយរាល់សំណើរបស់អ្នកវិនិយោគក្នុងតំបន់ ពាក់ព័ន្ធទៅនឹងបណ្តាក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល៕
ដោយ៖ ង៉ែត ពិសាន្ត









