ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានបង្ហាញថា មានស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍លក់រាយប្រេងឥន្ធនៈជិត ២.០០០កន្លែង នៅទូទាំងប្រទេស បានបិទទ្វារបណ្ដោះអាសន្ន ដោយអះអាងថា «អស់ស្តុក» ខណៈអាជ្ញាធរមានការសង្ស័យថា ម្ចាស់ស្ថានីយ៍ខ្លះអាចកំពុងរក្សាស្តុកប្រេងទុក ដើម្បីលក់នៅពេលតម្លៃឡើងខ្ពស់។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងក្រុមអន្តរក្រសួងដែលទទួលបន្ទុកកំណត់រូបមន្តកែសម្រួលតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានឱ្យដឹងថា ក្រុមមន្ត្រីជំនាញចម្រុះអន្តរក្រសួង នឹងចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងតាមស្ថានីយ៍ប្រេងឥន្ធនៈដែលបានបិទអាជីវកម្ម ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការអះអាងថា អស់ស្តុក។
ការចុះត្រួតពិនិត្យនេះធ្វើឡើង បន្ទាប់ពីតាមរបាយការណ៍គិតត្រឹមយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បង្ហាញថា ក្នុងចំណោមស្ថានីយ៍ប្រេងឥន្ធនៈជាង ៦.៣០០កន្លែង ដែលកំពុងប្រតិបត្តិការនៅទូទាំងប្រទេស មានជិត ២.០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ដោយលើកឡើងពីបញ្ហាអស់ស្តុកផ្គត់ផ្គង់។
ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំដោយរដ្ឋសភា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រសិនបើមន្ត្រីជំនាញរកឃើញថា មានការរក្សាស្តុកប្រេងមិនបញ្ចេញលក់ជូនប្រជាពលរដ្ឋ ម្ចាស់ស្ថានីយ៍នឹងប្រឈមនឹងវិធានការផ្លូវច្បាប់ រួមទាំងការផាកពិន័យ និងដកហូតអាជ្ញាប័ណ្ណអាជីវកម្ម។
លោកជំទាវបានបញ្ជាក់ថា៖
«យើងបានដាក់មន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង។ ប្រសិនបើរកឃើញថាមានប្រេងស្តុក ប៉ុន្តែមិនបញ្ចេញលក់ នឹងរងការពិន័យ និងអាចបិទអាជ្ញាប័ណ្ណអាជីវកម្ម។ ប៉ុន្តែបើពិតជាអស់ស្តុកមែន រដ្ឋនឹងសហការជាមួយវិស័យឯកជនដែលនាំចូលប្រេង ដើម្បីធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់»។
ជាមួយគ្នានេះ លោកជំទាវក៏បានបង្ហាញសញ្ញាវិជ្ជមានថា តម្លៃប្រេងឥន្ធនៈអាចនឹងមាននិន្នាការធ្លាក់ចុះវិញក្នុងប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីមានសញ្ញាល្អនៃតម្លៃលក់រាយនៅទីផ្សារអន្តរជាតិ នៅពេលទៀបភ្លឺថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
ដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ប្រេងឥន្ធនៈ រដ្ឋាភិបាលក៏បានចរចាជាមួយក្រុមហ៊ុននាំចូលប្រេង ដើម្បីរក្សាស្ថិរភាពតម្លៃឱ្យកុំឱ្យកើនឡើងខ្លាំង។ តាមការព្រមព្រៀង ប្រសិនបើតម្លៃប្រេងលើស ៩០ដុល្លារ ក្នុងមួយបារ៉ែល រដ្ឋនឹងជួយចេញខាតប្រមាណ ៦.៥សេន ក្នុងមួយលីត្រ ខណៈក្រុមហ៊ុននាំចូលចូលរួមខាត ១សេន ក្នុងមួយលីត្រ។
យោងតាមរូបមន្តកំណត់តម្លៃដែលបានព្រមព្រៀងរវាងអន្តរក្រសួង និងក្រុមហ៊ុនប្រេងឥន្ធនៈ សម្រាប់អំឡុងថ្ងៃទី ១១ ដល់ ១៣ ខែមីនា ឆ្នាំ២០២៦ តម្លៃលក់រាយប្រេងសាំងធម្មតា ត្រូវបានកំណត់ ៥.២០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត តម្លៃ ៦.០៥០រៀល ក្នុងមួយលីត្រ។ ដោយ៖ KPS99TV











