ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

Grabប្រកាសវិធានការបណ្តោះអាសន្នគាំទ្រអ្នកបើកបរ ពេលប្រេងឡើងថ្លៃ

KPS99TV

សេចក្តីសង្ខេប

Grabប្រកាសថ្ងៃទី១៣ ខែមីនាអំពីប្រាក់លើកទឹកចិត្ត និងការកែតម្លៃបណ្តោះអាសន្ន ដោយថាមានសុពលភាពពីថ្ងៃទី១០ ខែមីនា រហូតដល់ជូនដំណឹងថ្មី។

នៅថ្ងៃទី១៣ ខែមីនានេះ Grab ប្រកាសពីការកែសម្រួលជាបណ្តោះអាសន្នចំពោះតម្លៃសេវា និងដាក់ចេញនូវកម្មវិធីផ្តល់ប្រាក់លើកទឹកចិត្តបន្ថែមថ្មីដល់ដៃគូបើកបរ ស្របពេលដែលទីផ្សារថាមពលសកលបន្តប្រែប្រួល។ ការប្រកាសនេះ មានសុពលភាពចាប់ពីថ្ងៃទី១០ ខែមីនាតទៅរហូតដល់មានការជូនដំណឹងជាថ្មី។

ការកើនឡើងនៃតម្លៃឧស្ម័ន LPG និងប្រេងសាំងនាពេលថ្មីៗនេះ បានដាក់បន្ទុកហិរញ្ញវត្ថុភ្លាមៗដល់ដៃគូបើកបរឯករាជ្យ ដែលជាអ្នកបម្រើការផ្ទាល់ក្នុងវិស័យដឹកជញ្ជូន។ ដើម្បីធានាថា ការបើកបរនៅតែជាមធ្យោបាយប្រកបដោយនិរន្តរភាពក្នុងការរកប្រាក់ចិញ្ចឹមជីវិត Grabកំពុងអនុវត្តយុទ្ធសាស្ត្រគាំទ្រពីរចំណុច៖ ១. ការឧបត្ថម្ភធនដោយផ្ទាល់ដល់ដៃគូបើកបរ៖ Grab ដាក់ចេញនូវកម្មវិធីផ្តល់ប្រាក់លើកទឹកចិត្តបន្ថែមសម្រាប់រាល់ការដឹក ដែលបានបញ្ចប់ជាស្ថាពរ ដោយបង់ប្រាក់នោះផ្ទាល់ទៅអ្នកបើកបរ ដើម្បីជួយទូទាត់ការចំណាយលើប្រេងឥន្ធនៈដែលកើនឡើង។ ២. ការកែតម្រូវប្រព័ន្ធដែលមានតុល្យភាព៖ ការកែសម្រួលប្រព័ន្ធបន្តិចបន្តួចជាបណ្តោះអាសន្ន ដើម្បីកំណត់តម្លៃបែបចម្រុះ (dynamic pricing) នឹងអនុញ្ញាតឱ្យប្រព័ន្ធស្វ័យប្រវត្តិ ផ្លាស់ប្តូរតម្លៃស្របតាមការផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ច។

លោក កង សុវណ្ណារ៉ូត (Mike) នាយកគ្រប់គ្រង Grab ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា យល់ឃើញថា ដៃគូបើកបរ គឺជាចង្វាក់បេះដូងនៃសេវាកម្មរបស់អ្នករាល់គ្នា។ នៅពេលដែលតម្លៃប្រេងឥន្ធនៈកើនឡើង វាធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ទៅនឹងប្រាក់ចំណូលរបស់ពួកគាត់ ដែលជាអ្នកដឹកអតិថិជន ធ្វើការ ទៅសាលារៀន និងទៅផ្ទះដោយសុវត្ថិភាព។ លោកជឿជាក់ថា «អតិថិជនទាំងអស់គ្នា យល់ស្របថា ដើម្បីឱ្យកង់យានយន្តបន្តវិលបាន យើងត្រូវតែរួមគ្នាលើកទឹកចិត្តដៃគូបើកបរទាំងអស់គ្នា»។

Grab គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានកម្មវិធីស្មាតហ្វូនទំនើបឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រតិបត្តិការក្នុងវិស័យការដឹកជញ្ជូន ការធ្វើដំណើរ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល។ ទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី  Grab បម្រើសេវាកម្មជាង ៨០០ទីក្រុង នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…