បន្ទាប់ពីក្រសួងការបរទេសថៃ បានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១១ ខែមីនាថា «ប្រទេសថៃគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់របស់កម្ពុជា ក្នុងការជំរុញការងារវាស់វែង និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ»។ ជុំវិញនឹងបញ្ហានេះ ក្រសួងការបរទេសកម្ពុជា តាមរយៈអ្នកនាំពាក្យយល់ឃើញថានេះអាចបង្កឱ្យមានការយល់ច្រឡំមួយចំនួន ដោយអ្នកនាំពាក្យបានចេញសេចក្តីថ្លែងការណ៍បំភ្លឺ៤ចំណុច។
ទី១. របាយការណ៍ដែលចោទប្រកាន់ថា គ្រាប់បែកប្រភេទ៤០មីលីម៉ែត្រ ដែលត្រូវបានបាញ់ដោយកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ គឺមិនត្រឹមត្រូវទេ។ កម្ពុជាបានផ្ដល់ការបំភ្លឺជាផ្លូវការរួចហើយតាមរយៈកំណត់ទូតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានបញ្ជាក់ថា ហេតុការណ៍ដែលបានរាយការណ៍នោះ ពុំបានកើតឡើងឡើយ។ បញ្ហានេះក៏ត្រូវបានផ្ទៀងផ្ទាត់រួមគ្នាភ្លាមៗ ដោយក្រុមទំនាក់ទំនងយោធាក្នុងតំបន់របស់ភាគីទាំងពីរដែរ។
ទី២. ទាក់ទងនឹងរូបសំណាកតាអ៊ុំនៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ រូបសំណាកនេះស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការ ចម្រុះបារាំង-សៀម ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ដូចនេះ ការទាមទារណាមួយដែលផ្អែកលើផែនទីគូសជាឯកតោភាគីរបស់ប្រទេសថៃ គឺមិនអាចអនុវត្តបានតាមផ្លូវច្បាប់ទេ។ ក្នុងន័យនេះ ការលើកឡើងក៏គួរធ្វើដោយផ្អែកលើលទ្ធផលនៃការវាស់វែងលម្អិតរួមគ្នា ដែលធ្វើឡើងដោយក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ដែរ។
ទី៣. អនុលោមតាមចំណុចទី៣ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា បានផ្ញើលិខិតអញ្ជើញចំនួនប្រាំលើកជាប់ៗគ្នាទៅសមភាគីថៃ ដើម្បីបន្តការងារបច្ចេកទេសរបស់ក្រុមវាស់វែងចម្រុះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការណ៍នេះគឺដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងដោយស្មោះត្រង់ ក្នុងការពន្លឿនការងារបោះបង្គោលព្រំដែន ជាពិសេសនៅក្នុងតំបន់អាទិភាព ឬតំបន់រសើប។
ទី៤. កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយផ្តល់សារៈ សំខាន់យ៉ាងខ្លាំងចំពោះការអនុវត្តពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាសង្ឃឹមថានឹងឃើញកិច្ចសហ- ប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ ដែលឆ្លុះបញ្ចាំងតាម រយៈសកម្មភាពជាក់ស្ដែង៕
ដោយ៖ ង៉ែត ពិសាន្ត







