រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ យើងត្រូវស្តារឡើងវិញ និងបង្កើនពហុភាគីនិយមដែលបើកចំហហើយអាស៊ានដើរតួនាទីកាន់តែសំខាន់ក្នុងរឿងនេះ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ ក្នុងនាមម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយ អន្តរសភាអាយប៉ាលើកទី១៦ (The 16th AIPA Caucus Meeting) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ស្វាគមន៍គណៈប្រតិភូអន្តរសភាអាស៊ាន (អាយប៉ា/AIPA) គណៈប្រតិភូសង្កេតការណ៍ គណៈប្រតិភូដែលជាភ្ញៀវរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ នៅវិមានរដ្ឋសភាកម្ពុជា។ 

នៅមុនពិធីបើកជាផ្លូវការកិច្ចប្រជុំ AIPA Caucus នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្តេចប្រធានរដ្ឋសភា បានទទួលជួបសវនាការនិងស្វាគមន៍ជាមួយប្រធានគណៈប្រតិភូបរទេសដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ ដោយសម្តេចបានគូសបញ្ជាក់ថា «យើងមានមោទនភាពចំពោះសមិទ្ធផលរបស់ AIPA សម្រេចបាននិងកំពុងបន្តឆ្ពោះទៅមុខកាន់តែស្វាហាប់ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយអាស៊ាន ដៃគូក្នុងតំបន់ និងអន្តរជាតិផ្សេងទៀត។ ជាការពិតណាស់ យើងត្រូវខិតខំបន្ថែមទៀតដើម្បីរក្សាកិច្ចសហប្រតិបត្តិការក្នុងការពង្រីកបេសកកម្មរបស់យើងដើម្បីប្រជាពលរដ្ឋ»។ នេះបើយោងតាមរដ្ឋសភាកម្ពុជា។ 

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចំណងមិត្តភាព និងមិត្តភាពផ្ទាល់ខ្លួន គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការកសាងសហគមន៍។ មិត្តភាព និងសាមគ្គីភាពនឹងបន្តកាន់តែស៊ីជម្រៅ និងលើកកម្ពស់បន្ថែមទៀត ដើម្បីផលប្រយោជន៍រួមក្នុងតំបន់និងសកលលោក។ បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ដែលអភិបាលកិច្ចសកល និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់បានកំពុងធ្លាក់ចុះ។ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា យើងត្រូវស្តារឡើងវិញ និងបង្កើនគោលការណ៍ពហុភាគីនិយមដែលបើកចំហ និងបរិយាបន្ន។ អាស៊ានដើរតួនាទីកាន់តែសំខាន់ក្នុងរឿងនេះ។ អាស៊ានគឺជាពន្លឺសន្តិភាព ស្ថិរភាព និងវិបុលភាព។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា អំឡុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងក្នុងបាឋកថានៅលេខាធិការដ្ឋានអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះថា អាស៊ានគឺជាប៉ូលនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងពិភពលោក។ ជាក់ស្តែង អាស៊ានមានប្រជាជនប្រមាណ ៧០០លាននាក់ ហើយជាតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ។ ខណៈពេលដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងបង្កអស្ថិរភាព និងកំពុងវិវត្តទៅជាពិភពលោកពហុប៉ូល អាស៊ានចាំបាច់ត្រូវដើរតួនាទីសំខាន់បន្ថែមទៀតក្នុងការរៀបចំប្រព័ន្ធអន្តរជាតិដែលមានការវិវត្តធ្វើឱ្យមានភាពយុត្តិធម៌ បរិយាបន្ន និងតំណាងកាន់តែច្រើន។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ប្រធានបទ AIPA Caucus លើកទី១៦ លើកឡើង ក្នុងគោលបំណងដើម្បីពិភាក្សាបន្ថែម និងស្វែងរកការយល់ ទស្សនៈ ពីសភាសមាជិក AIPA និងដៃគូនានា ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋរបស់យើង។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួម និងការដឹកនាំរបស់យើង ក្នុងការលើកកម្ពស់ការទូតសភា ដើម្បីសន្តិភាពក្នុងតំបន់របស់យើង និងសកលោក។

ជម្រាបដែរថា សភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦  ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» Peace through dialogue: The Parliamentary Path Forward) ប្រារព្ធធ្វើចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណៈ ប្រតិភូសមាជិកអន្តរសភាអាស៊ាន (អាយប៉ា/AIPA) ប្រទេសសង្កេតការណ៍អាយប៉ា និងប្រទេសជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ និងដៃគូអភិវឌ្ឍន៍ សរុបមានចំនួនប្រមាណជិត ៣០០នាក់៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…