រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាយករដ្ឋមន្រ្តីព្រមានដកមុខដំណែងមន្រ្តីមិនអនុវត្តបទបញ្ជាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានព្រមានបញ្ចប់មុខតំណែងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមិនអនុវត្តបទបញ្ជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយតម្រូវឱ្យអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់។

ការព្រមានបែបនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន ខណៈនៅកម្ពុជាក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែរ។ នេះបើតាមបទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

បើតាមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងដូច្នេះ៖ «អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឹងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង»។

ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដូច្នេះ បើតាមលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ឱ្យដឹងថា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…