រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់នូវ ក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CCIED) សហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃ (M&E) សម្រាប់យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (NSIED) ឆ្នាំ២០២៣-២០២៨។

ក្របខ័ណ្ឌនេះត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងអង្គការអន្តរជាតិខាងការងារ (ILO)។

ក្របខ័ណ្ឌនេះ បានជួយបង្កើតប្រព័ន្ធជាតិមួយដ៏រឹងមាំដើម្បីសម្របសម្រួល តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ វាជួយពង្រឹងតម្លាភាព គណនេយ្យភាព និងការសម្រេចចិត្តផ្នែកគោលនយោបាយដោយផ្អែកលើភស្តុតាង ដើម្បីគាំទ្រសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលចូលរួមពីកម្លាំង ពលកម្មរបស់កម្ពុជាប្រមាណ ៨៨ភាគរយ។

យុទ្ធសាស្ត្រនេះ មានគោលបំណងជំរុញនិរន្តរភាព និងភាពធន់នៃអាជីវកម្ម ក៏ដូចជាកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ដោយអនុញ្ញាតឱ្យអ្នកធ្វើការងារក្រៅប្រព័ន្ធអាចទទួលបានការគាំពារសង្គម ការទទួលស្គាល់ផ្លូវច្បាប់ ការបណ្តុះបណ្តាល ហិរញ្ញវត្ថុ និងការធ្វើសមាហរណកម្មទៅក្នុងទីផ្សារក្នុងប្រព័ន្ធ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា «ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌ ពិនិត្យតាមដាន និងវាយតម្លៃនេះ ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹង និងពន្លឿនការអនុវត្តយុទ្ធសាស្ត្រជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្របខ័ណ្ឌនេះផ្តល់ជាប្រព័ន្ធមួយសម្រាប់រាជរដ្ឋាភិបាល ដើម្បីតាមដានវឌ្ឍនភាពជាក់ស្តែង ធ្វើសេចក្តីសម្រេចទាន់ពេលវេលា និងបង្កើនគណនេយ្យភាពដល់អ្នកគ្រប់គ្នាដែលអនុវត្តយុទ្ធសាស្ត្រជាតិ»។

បន្ថែមពីនោះលោក Shakeel Ahmad អនុប្រធានតំណាង UNDP ប្រចាំកម្ពុជា បានមានប្រសាសន៍ថា «ការងារក្រៅប្រព័ន្ធ ជារឿយៗប្រឈមនឹងកង្វះខាតការគាំពារ និងអាចឱ្យអ្នកប្រកបរបរក្រៅប្រព័ន្ធទាំងនោះងាយប្រឈមនឹងភាពរងគ្រោះ។ វិស័យមួយនេះ ក៏មានសក្តានុពលក្នុងការក្លាយជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពលសម្រាប់កំណើន ប្រកបដោយបរិយាបន្នផងដែរ ប្រសិនបើវិស័យនេះ ត្រូវបានគាំទ្រដោយគោលនយោបាយ និងវិធីសាស្ត្រត្រឹមត្រូ វ។ 

ការដាក់ឱ្យដំណើរការនូវក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃនេះ ជាជំហានដ៏សំខាន់មួយ នៃដំណើររបស់កម្ពុជាឆ្ពោះទៅដល់ការសម្រេចបាននូវភាពធន់នៃសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដើម្បីធានាថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមិនត្រឹមតែត្រូវបានទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានគាំទ្រយ៉ាងសកម្មតាមរយៈគោលនយោបាយ ផ្អែកលើទិន្នន័យ និងកិច្ចសហការផងដែរ៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…