រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាទទួលបានទេសចរចិនប្រមាណ៤០ម៉ឺននាក់ឈរនៅលំដាប់ទី១ក្នុងពេល៥ខែឆ្នាំនេះ!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

រយៈពេល៥ខែឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរចិនប្រមាណ៤០ម៉ឺននាក់ឈរនៅលំដាប់ទី១ដែលមានចំនួនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ខណៈភ្ញៀវទេសចរសរុបដែលកម្ពុជាទទួលបានមានប្រមាណ ១,៥ លាននាក់។ នេះបើតាមឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងក្នុងមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ កាលពីថ្ងៃទី១២មិថុនា។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា កម្ពុជា និងចិន គឺជាមិត្តដែកថែបដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង។ ឯកឧត្តមបានចាត់ទុកការរៀបចំ «មហាសន្និបាតធុរជនចិនទៀជីវ ពិភពលោក លើកទី១១» នៅកម្ពុជានាពេលខាងមុខថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលនឹងបើកទំព័រថ្មីសម្រាប់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ចំណែក ព្រឹត្តិការណ៍នេះក៏នឹងរួមចំណែកអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ដោយជំរុញការតភ្ជាប់វិស័យទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ឯកឧត្តម ហួត ហាក់ បានបន្តថា កម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការអំពីការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែន PRC ដោយអាចធ្វើដំណើរចូលកម្ពុជាបានដោយមិនចាំបាច់ស្នើសុំទិដ្ឋាការជាមុន និងមិនតម្រូវឱ្យបង់កម្រៃនោះទេ ដោយគ្រាន់តែបំពេញបែបបទ E-arrival Card ប៉ុណ្ណោះ។ គោលការណ៍នេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ មិនតែប៉ុណ្ណោះ ឯកឧត្តមជឿជាក់ថា វានឹងក្លាយជាកត្តាជំរុញដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនមកកាន់កម្ពុជាកាន់តែច្រើន ជាពិសេសក្នុងអំឡុង «រដូវកាលបៃតង» របស់វិស័យទេសចរណ៍កម្ពុជា។

គួរជម្រាបជូនថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៥៧ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានជាង ១,២លាននាក់ កើនឡើងជិត ៤២% និងឈរនៅលំដាប់លេខ២ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា៕

ដោយ៖ ង៉ែត ពិសាន្ត

 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…