ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចង់ញ៉ាំនំភីហ្សាដែលមានរស់ជាតិឆ្ងាញ់ហើយមានគុណភាពខ្ពស់ កុំភ្លេចមកហាង Pizza Hut ដែលមានទីតាំងស្ថិតនៅបរិវេណ PENINSULA BAY (ទីលានតេជោ) ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ Pizza Hut ជាហាងដ៏ល្បីឈ្មោះមានអាយុកាល ១៧៤ឆ្នាំហើយ និងពង្រីកសាខាជាច្រើននៅជុំវិញពិភពលោក។
ហាង Pizza Hut សាខាថ្មីនៅក្រុងព្រះសីហនុ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចមកសាករស់ជាតិថ្មី និងទីតាំងថ្មី ស្អាតធំទូលាយបាននៅសាខាក្រុងព្រះសីហនុ។
លោក Steen Puggaard អគ្គនាយកក្រុមហ៊ុនឡូវីសធីដ៍ខូលេចស៊ិន បានឱ្យដឹងថា ការដែល Pizza Hut សម្រេចចិត្តពង្រីកសាខាថ្មីមកខេត្តព្រះសីហនុ គឺចង់នាំយកភីហ្សាដែលមានរស់ជាតិឆ្ងាញ់ គុណភាពខ្ពស់ និងផាសុកភាពជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរនៅក្នុងខេត្តព្រះសីហនុ។
បច្ចុប្បន្ន Pizza Hut មានសាខានៅតាមរាជធានី-ខេត្តសរុបចំនួន១២ ខណៈនៅខេត្តព្រះសីហនុជាសាខាចុងក្រោយទី១២។ ចំណែក សាខាទី១៣ ក៏គ្រោងនឹងបើកក្នុងពេលឆាប់ៗនេះដែរ។ ទន្ទឹមនឹងនេះ លោកបានបង្ហើបប្រាប់ទៀតថា អាចនឹង១ឆ្នាំឬ២ឆ្នាំខាងមុខ Pizza Hut នឹងពង្រីកសាខាខ្ទង់១៥ទៅ២០សាខាទៀតនៅទូទាំងប្រទេសកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន Pizza Hut Cambodia ស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Getz Group។ ក្រុមហ៊ុននេះ មានអាយុកាល ១៧៤ឆ្នាំហើយដែលបានបង្កើតឡើងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៨៥២ ដោយបងប្អូន Getz ពីរនាក់ និងមានប្រតិបត្តិការនៅក្នុង ៩៤ប្រទេសជុំវិញពិភពលោក៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត














