រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

AOT ចុះផ្ទៀងផ្ទាត់នៅភូមិព្រៃចាន់ដែលយោធាថៃកាន់កាប់ រាយបន្លាលួស និងដាក់ទូកុងតឺខុសច្បាប់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងរងការប្រហារខ្លាំងដោយកងកម្លាំងប្រដាប់អាវុធថៃកាលពីសង្គ្រាមឈ្លានពានដោយយោធាថៃ ជុំទី២ នាអំឡុងចុងឆ្នាំ២០២៥ ត្រូវបានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន បានចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ជាក់ស្តែង រួមទាំងពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមាន។

ការចុះពិនិត្យផ្ទៀងផ្ទាត់ដោយក្រុម AOT ធ្វើឡើងនៅព្រឹកម៉ោង៩៖៣៨នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីមានការសម្របសម្រួលពីក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមក្រសួងការពារជាតិ បានបញ្ជាក់ថា ភូមិព្រៃចាន់ ជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ កម្ពុជា តាមរយៈក្រសួងការពារជាតិ បានប្រកាសថា មិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ការណ៍នេះ បានគូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…