រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចតេជោ ហ៊ុន សែន ជួបរដ្ឋមន្ត្រីការបរទេសបក្សកុម្មុយនីស្តចិន នៅប៉េកាំង សម្តែងការគួរសម និងពិភាក្សាការងារ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម លូ ហៃស៊ីង(Liu Haixing) រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លូ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នេះបើយោងតាម សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម លូ ហៃស៊ីង បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ និងគណៈប្រតិភូមកកាន់ប្រទេសចិននៅពេលនេះ។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ថាគឺជាចលករដ៏សំខាន់ក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ ឯកឧត្តម បានលើកឡើងថាប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន។

ឯកឧត្តម បានរំលេចថា គ្រាន់តែដំណឹងនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ មកកាន់ប្រទេសចិន គឺប្រជាជនចិន បានសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះ។ លោក ក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌគណបក្ស និងគណបក្ស នៃប្រទេសទាំងពីរដោយតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចនៅពេលនេះ ក៏មានការចុះហត្ថលេខា អនុស្សរណៈនៃការយោគយល់គ្នា រវាងគណបក្សនៃប្រទេសទាំងពីរផងដែរ ដែល ឯកឧត្តម សង្ឃឹមថាតាមរយៈ MOU នេះ នឹងកាន់តែញាំងបន្ថែមទៀតឱ្យទំនាក់ទំនងរវាងគណបក្សទាំងពីរកាន់តែរឹងមាំនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាពិសេសសម្រាប់ការបណ្ដុះបណ្ដាលដល់អ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្ស។

សម្ដេចតេជោ បានសម្ដែងនូវការ អរគុណចំពោះការបដិសណ្ឋារកិច្ចរបស់ ឯកឧត្តម ចំពោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោក៏បានរំលេចផងដែរថា នៅក្នុងឆ្នាំ២០២៦នេះ គឺជាខួប៣៥ ឆ្នាំនៃដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ លើកដំបូង ដែលសម្ដេចបានធ្វើដំណើរមកកាន់សាធារណរដ្ឋប្រជាមានិតចិន

ហើយក៏គាប់ជួនចំនឹងខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិនផងដែរ ដែលនេះឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ សម្ដេចតេជោបានលើកឡើងថា ទំនាក់ទំនងរវាងបក្ស និងបក្ស គឺជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ជាចុងក្រោយ ឯកឧត្តម លូ ហៃស៊ីង ក៏បានជូនពរ សម្តេចតេជោ និងគណៈប្រតិភូកម្ពុជា ឱ្យបំពេញទស្សនកិច្ចនៅប្រទេសចិន ប្រកបដោយភាពជោគជ័យ៕

ដោយ ៖ ឡាយ កុល

 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…