រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ឃួង ស្រេង ឱ្យស្នងការរាជធានីភ្នំពេញរៀបចំផែនការបន្តបង្ក្រាបការឆបោកតាម ONLINE SCAMS ឱ្យបានម៉ឹងម៉ាត់បំផុត

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យឯកឧត្ដមស្នងការរាជធានីភ្នំពេញ រៀបចំផែនការបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឹងម៉ាត់បំផុត និងបានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ ចុះសង្កេត ហើយបង្ក្រាបឱ្យទទួលបានជោគជ័យទៅតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ។ 

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅរាជធានីភ្នំពេញជាបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដូច្នេះមន្ត្រីនិងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់បំផុតដើម្បីឱ្យការងារនេះទទួលបានជោគជ័យ បើទោះបីយើងអនុវត្តបានល្អប្រសើរមួយកម្រិតហើយក្តី។

ឯកឧត្តម បានបន្តថា «ការងារនេះជាការងារ ដែលដាច់ខាតត្រូវរួមគ្នាធ្វើ ដូចពាក្យមួយគេនិយាយថា កង្កែបក៏ប្រឹង ពស់ក៏ប្រឹង យើងត្រូវប្រឹងប្រែងទាំងអស់គ្នា សង្កេតឃើញកន្លែងណាសង្ស័យ ត្រូវបង្ក្រាបកន្លែងណុង ពិសេសគឺយកភស្តុតាងឱ្យបាន។ ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ខ្លួនយើងស្អាតស្អំ គឺមិនទាន់គ្រប់គ្រាន់ទេ លុះត្រាតែយើងបង្ក្រាបលុបបំបាត់ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនទើបគ្រប់គ្រាន់។ សូមពិនិត្យទីតាំងស្នាក់នៅរួមរបស់ជនបរទេសឱ្យបានម៉ត់ចត់និងម៉ឹងម៉ាត់ បើពួកគាត់ស្របច្បាប់ សុំកុំរំខានពួកគាត់ សូមធ្វើអ្វី ដោយភាពត្រឹមត្រូវ»។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យឯកឧត្ដមស្នងការរាជធានីភ្នំពេញ រៀបចំផែនការបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឹងម៉ាត់បំផុត និងបានណែនាំឱ្យអភិបាលខណ្ឌទាំង១៤លើកយកពីបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយ សំខាន់ឱ្យការងារ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះទទួលបានជោគជ័យទៅតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ អភិបាលខណ្ឌទាំង១៤ ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ដល់មេភូមិ ចៅសង្កាត់ តាមដានទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ការងារនេះនៅតែបន្តធ្វើដោយភាពម៉ឹងម៉ាត់និងគ្មានទីបញ្ចប់ រហូត ONLINE SCAMS អស់ពីរាជធានីភ្នំពេញ។

ទន្ទឹមគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងផងដែរថា « ចាប់ពីថ្ងៃទី០២កក្កដា២០២៥រហូតមកដល់ថ្ងៃទី១៩កក្កដាឆ្នាំ២០២៥នេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន១៦ទីតាំងនិងឃាត់មនុស្សបាន៧៣៤នាក់ចាប់ពីថ្ងៃទី០៣ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដាក្នុងចំនួននេះមានជនសង្ស័យមួយចំនួនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។

ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់ផងដែរថា ក្នុងចំនួនទីតាំងដែលបង្ក្រាបបាននេះមានចំនួន២ទីតាំងដែលយើងបង្ក្រាបចំគោលដៅនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះតែម្តង ដោយយើងដកហូតបានវត្ដុតាងមួយចំនួនធំ៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…