«មេរៀនដែលយើងទទួលបានពីសភាពការណ៍ឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យយើងយល់ច្បាស់ថា មានតែការរួមរួមគ្នាខិតខំធ្វើឱ្យកម្ពុជាមានកម្លាំងខ្លាំង ទាំងខាងសេដ្ឋកិច្ច ទាំងខាងយោធា និងនយោបាយប៉ុណ្ណោះ ទើបយើងអាចការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងអត្តសញ្ញាណរបស់ជាតិបាន»។ នេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងន័យជំរុញលើកទឹកចិត្តឱ្យជនរួមជាតិទាំងអស់បន្តរួបរួមសាមគ្គីគ្នាធ្វើឱ្យកម្ពុជាខ្លាំងដើម្បីការពារជាតិមាតុភូមិ ក្នុងទិវារំឭកខួបលើកទី៧៥នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨មិថុនា។
ក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បានរំឭកថា គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា «បក្សប្រជាជនបដិវត្តខ្មែរ» មានប្រភពចេញពីចលនាតស៊ូប្រឆាំងអាណានិគមនិយម ហើយបានដឹកនាំប្រជាជនផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រកបដោយជោគជ័យ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។ គណបក្ស បន្តដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គនានា ដើម្បីកសាងសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ ដោយទទួលបានជ័យជម្នះគ្រប់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
សម្តេចតេជោ បានគូសរំលេចថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ ទោះបីកម្ពុជាត្រូវទទួលរងឥទ្ធិពលអវិជ្ជមានពីការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ និងឥទ្ធិពលពីសង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាក៏ដោយ ក៏កម្ពុជានៅតែបន្តឈានទៅមុខនៅលើមាគ៌ាអភិវឌ្ឍន៍។
បើតាមសម្តេចតេជោ ហ៊ុន សែន សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៦ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបានកំណើន ៤,២% ដែលផ្តោតសំខាន់លើការនាំចេញ និងចំណូលសារពើពន្ធ។តាមរយៈនេះ បានឆ្លុះបញ្ចាំងអំពីភាពធន់របស់កម្ពុជាដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍបន្ត និងការឆ្លើយតបទៅនឹងការប្រែប្រួលថ្មីៗខាងមុខទៀត។ រាជរដ្ឋាភិបាល បានផ្ដល់ការគាំពារ និងជួយឧបត្ថម្ភដល់ជនភៀសសឹកដោយសង្គ្រាមឈ្លានពានដោយយោធាថៃ និងយកចិត្តទុកដាក់ខ្ពស់លើពលករដែលបានវិលត្រឡប់ពីប្រទេសថៃ តាមរយៈការដោះស្រាយការងារជូនពលករផងដែរ។
ជំហរ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានសម្តេចតេជោប្រកាស៥ចំណុចសំខាន់ៗ។ ទី១. គណបក្សប្រជាជនកម្ពុជា ប្ដូរផ្ដាច់ការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពឱ្យស្ថិតស្ថេរ គង់វង្ស បន្តខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនខ្លាំងក្លា ពង្រឹងយុត្តិធម៌ សមធម៌ និងសមភាពក្នុង សង្គម និងលើកស្ទួយជីវភាពប្រជាជនឱ្យបានកាន់តែប្រសើរឡើង។ គណបក្សប្រកាន់ខ្ជាប់គោលនយោបាយការ បរទេសរបស់ខ្លួន ក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងទាំងអស់ ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីផងគ្នា ស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីធានានូវ សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការស្ថិតស្ថេរយូរអង្វែងរវាងប្រជាជាតិជិតខាងភូមិផងរបងជាមួយ។
ទី២. គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងការប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាព្រំដែន ទាំងព្រំដែនគោក និងព្រំដែនសមុទ្រជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់ អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍។ កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនណាមួយដែលបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំងការកាន់កាប់ ឬការទាមទារទឹកដីជាឯកតោភាគីនោះឡើយ ហើយកម្ពុជាក៏មិនទទួលយកការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្ដូរស្ថានភាពនៃទឹកដីកម្ពុជា តាមរយៈការបង្កើតនូវអ្វីដែលបានកើតឡើងរួចហើយនៅលើទីកន្លង នោះ។ ក្នុងន័យនេះ យើងអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ជាមួយនេះ គណបក្សគាំទ្រការសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំ ដែលស្ថិតក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋាន ច្បាប់ ចំពោះតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ។
ទី៣. គណបក្សប្រជាជនកម្ពុជា គាំទ្រការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដើម្បីកសាងសង្គមមួយ ប្រកបដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មានមនសិការស្នេហាជាតិ មានភាពអង់អាច មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលាដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ។
ទី៤. អំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូប ខិតខំលើកកម្ពស់ភាពឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន របស់ជាតិយើង ឆ្លើយតបនឹងសំណូមពរនៃសភាពការណ៍ជាតិ និងការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ ដើម្បីការពារមាតុភូមិ និងសម្រេចទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។ ក្នុងស្មារតីនេះ សូម បងប្អូនជនរួមជាតិ បន្តរួមសាមគ្គីជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល និងគាំទ្រយ៉ាងរឹងមាំដល់វីរកងកម្លាំងប្រដាប់ អាវុធកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីមាតុភូមិជាទីស្នេហាស្មើជីវិតរបស់យើង។ ក្នុងស្មារតីនេះដែរ
យើងត្រូវបន្តខិតខំពង្រីកផលិតកម្មក្នុងស្រុក និងលើកស្ទួយការប្រើប្រាស់ផលិតផលជាតិឱ្យបានគ្រប់ៗគ្នា។
ទី៥. អំពាវនាវដល់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ មន្ត្រី សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាទាំងមូល យកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ ប្រកាន់ខ្ជាប់ ប្រពៃណីដ៏ថ្លៃថ្លារបស់គណបក្ស ខិតខំបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម និងចូលរួមសកម្មក្នុងការអនុវត្តកម្ម វិធីនយោបាយរបស់គណបក្សឱ្យបានសម្រេចជោគជ័យ៕
ដោយ៖ ង៉ែត ពិសាន្ត










