(ភ្នំពេញ) ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំផ្ទាល់ដោយលោកអភិបាលខណ្ឌ កៀង លក្ស័ ព្រមទាំងមានការសម្របសម្រួលពីស្ថាប័នអយ្យការ បានចុះប្រតិបត្តិការឆែកឆេរអគារ DTT RESIDENCE ស្ថិតក្នុងតំបន់កោះពេជ្រ សង្កាត់ទន្លេបាសាក់ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។ ការបង្ក្រាបធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។
តាមរយៈការចុះត្រួតពិនិត្យអគារដែលមានចំនួន ៦០បន្ទប់នេះ សមត្ថកិច្ចបានពិនិត្យឃើញជនបរទេសស្នាក់នៅចំនួន ២៧នាក់ (ស្ត្រី ១០នាក់) ដែលពួកគេសុទ្ធតែមានលិខិតស្នាម និងទិដ្ឋាការស្នាក់នៅស្របច្បាប់។ ទោះជាយ៉ាងណាក្តី កម្លាំងចម្រុះបានរកឃើញភាពមិនប្រក្រតីនៅបន្ទប់លេខ ១២១៨ ដែលគ្រប់គ្រងដោយក្រុមហ៊ុនឈ្មោះ ChaoChi Group ដោយបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃ (Laptop) ០៤គ្រឿង និងទូរស័ព្ទដៃ ១០គ្រឿង។
យោងតាមការពិនិត្យកោសល្យវិច័យបឋមពីមន្ត្រីជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ទីតាំងខាងលើនេះរងការសង្ស័យថាបានលួចលាក់ធ្វើប្រតិបត្តិការប្តូរប្រាក់ឌីជីថល (Crypto) ដោយខុសច្បាប់។
ចំណាត់ការបន្ត អាជ្ញាធរបានសម្រេចបិទឃ្លុំបន្ទប់លេខ ១២១៨ នោះជាបណ្តោះអាសន្ន ចំណែកឯសម្ភារវត្ថុតាងទាំងអស់ ត្រូវបានប្រគល់បន្តទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ ឡាយ កុល









