រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលខេត្តកំពង់ចាម ចេញបកស្រាយបន្ថែមរឿងសំឡេងបែកធ្លាយរបស់ថ្នាក់ដឹកនាំនិងអះអាងថាចាត់ទុកអ្នកសារព័ត៌មានជាដៃគូដ៏សំខាន់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(កំពង់ចាម) ៖ បន្ទាប់ពីបែកធ្លាយវីដេអូរបស់ រដ្ឋមន្ដ្រីធនធានទឹក និងអភិបាលខេត្តកំពង់ចាម លើកឡើងពាក់ព័ន្ធនឹងអ្នកសារព័ត៍មាន

រដ្ឋបាលខេត្តកំពង់ចាមបានចេញមកបកស្រាយបន្ថែមថា ថ្មីៗនេះមានការចុះផ្សាយ និងចែកចាយព័ត៌មានតាមបណ្តាញសង្គមនានា នូវឃ្លីបវីដេអូខ្លី ដោយបានដកស្រង់សំឡេងសន្ទនារបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងឱកាសចុះពិនិត្យ សិក្សាជួសជុលលូរំដោះទឹកក្នុងក្រុងកំពង់ចាម កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា “ពួកអ្នកកាសែតហ្នឹងខូចណាស់ កន្លែងណាឱ្យច្បាប់ហើយ ក៏ថតបង្ហោះដែរ” “ទាល់តែដាក់ខ្នោះមួយពីរទៅ បានដឹងខ្លួន”។

ឆ្លើយតបនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមបំភ្លឺជូនអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបដូចខាងក្រោម ៖

១. ថ្នាក់ដឹកនាំខេត្ត ពិតជាមានការសោកស្ដាយចំពោះសំឡេងសន្ទនាខាងលើ ដែលមិនមានប្រភពច្បាស់លាស់ ធ្វើឱ្យមានការយល់ច្រឡំ និងបានប៉ះពាល់ដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទូទៅ។ ប៉ុន្តែជាគោលដៅពិតប្រាកដរបស់ថ្នាក់ដឹកនាំទាំងពីរ គឺមានបំណងសំដៅតែទៅលើបុគ្គលអ្នកសារព័ត៌មានមួយចំនួនតូចប៉ុណ្ណោះ ដែលគាត់មិនបានអនុវត្តតាមជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌អ្នកសារព័ត៌មាន ផ្សព្វផ្សាយព័ត៌មានដោយមិនបានប្រមូលប្រភពគ្រប់ជ្រុងជ្រោយ ធ្វើឱ្យព័ត៌មាននោះ មិនបានឆ្លុះបញ្ចាំងពីការពិត ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងរដ្ឋបាលខេត្តក្នុងការបម្រើប្រជាពលរដ្ឋ។

២. រដ្ឋបាលខេត្តកំពង់ចាម ពុំដែលរើសអើង ឬចាត់ទុកអ្នកសារព័ត៌មានជាសត្រូវឡើយ ផ្ទុយមកវិញ រដ្ឋបាលខេត្តតែងចាត់ទុកអ្នកសារព័ត៌មានជាដៃគូដ៏មានប្រសិទ្ធភាព បានធ្វើជាស្ពានចម្លងព័ត៌មានពីរដ្ឋបាលខេត្ត ទៅកាន់មហាជន និងពីមហាជន មកកាន់រដ្ឋបាលខេត្តវិញ។ តាមរយៈអ្នកសារព័ត៌មាន រដ្ឋបាលខេត្តទទួលបាននូវ កង្វល់ និងសំណូមពរជាច្រើនពីប្រជាពលរដ្ឋ ដែលត្រូវបានលើកយកមកពិនិត្យ និងបានដោះស្រាយជាបន្តបន្ទាប់។

រដ្ឋបាលខេត្តតែងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកសារព័ត៌មានទាំងការឆ្លើយតបព័ត៌មាន ព្រមទាំងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅក្នុងខេត្ត ជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ និង ការជួបជុំពិសារអាហារសាមគ្គីជាដើម។

រដ្ឋបាលខេត្តកំពង់ចាម សូមសម្តែងនូវការអរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តកន្លងមក និងសូមស្នើឱ្យអ្នកសារព័ត៌មានទាំងអស់បន្តចូលរួម ដោយប្រកាន់យកជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌អ្នកសារព័ត៌មាន ផ្តល់ព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មានសម្រាប់សង្គមជាតិយើងទាំងអស់គ្នា៕

ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…