រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ពលរដ្ឋចំណាកស្រុកអាចធ្វើអត្តសញ្ញាណប័ណ្ណនៅតាមរាជធានី-ខេត្តកំពុងធ្វើការបាន ដោយមិនបាច់ត្រឡប់ទៅស្រុកកំណើត

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងមហាផ្ទៃនៅថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីសង្ខេបលម្អិតអំពីយន្តការថ្មីនៃការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋចំណាកស្រុក

១. គោលបំណង និងការអនុវត្តយន្តការថ្មី

ដើម្បីផ្តល់សេវាឱ្យកាន់តែលឿន និងងាយស្រួល ក្រសួងមហាផ្ទៃបានសម្រេចថា ចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ តទៅ ប្រជាពលរដ្ឋចំណាកស្រុក (អ្នកធ្វើការ អ្នករកស៊ី ឬសិស្សនិស្សិត) អាចទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី ឬបន្តសុពលភាព នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលខ្លួនកំពុងស្នាក់នៅបច្ចុប្បន្នបាន ដោយមិនបាច់ចំណាយពេល និងថវិកាធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញទេ។

ឧទាហរណ៍ជាក់ស្តែង៖ ប្រសិនបើអ្នកមានលំនៅឋានដើមនៅខេត្តរតនគិរី តែបច្ចុប្បន្នកំពុងស្នាក់នៅនិងធ្វើការនៅខេត្តព្រៃវែង អ្នកអាចទៅស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានតែម្តង។

២. ទីតាំងសម្រាប់ពលរដ្ឋចំណាកស្រុកអាចទៅធ្វើបាន

ស្នងការដ្ឋាននគរបាលរាជធានី ឬខេត្ត ដែលអ្នកកំពុងស្នាក់នៅ និងធ្វើការបច្ចុប្បន្ន។

ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណក្នុងផ្សារទំនើបអ៊ីអន២ សែនសុខ និង អ៊ីអន៣ មានជ័យ។

នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

(ចំណាំ៖ សម្រាប់ពលរដ្ឋទូទៅដែលមិនមែនជាអ្នកចំណាកស្រុក អាចធ្វើបាននៅតាមប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ ឬអធិការដ្ឋានក្រុង-ស្រុក-ខណ្ឌ នៃទីលំនៅរបស់ខ្លួន)

៣. ឯកសារតម្រូវចាំបាច់

សម្រាប់អ្នកធ្វើថ្មី (អាយុ ១៥ឆ្នាំឡើង និងមិនទាន់មានកាតប្រើប្រាស់)៖ ត្រូវយកមកជាមួយនូវ សេចក្តីចម្លងសំបុត្រកំណើត (ឬបញ្ជាក់កំណើត) ព្រមទាំងឯកសារសម្គាល់ការស្នាក់នៅ (ដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ)។

សម្រាប់អ្នកបន្តសុពលភាព (កាតអស់សុពលភាព ឬសល់ថ្ងៃតិចជាង ១៨០ថ្ងៃ)៖ ត្រូវយកអត្តសញ្ញាណប័ណ្ណចាស់នោះមកជាមួយ។ បើមានផ្លាស់ប្តូរអាសយដ្ឋានអចិន្ត្រៃយ៍ថ្មី ត្រូវភ្ជាប់មកជាមួយនូវឯកសារសម្គាល់ការស្នាក់នៅថ្មី។

សម្រាប់ករណីបាត់ ឬខូច៖ បើបាត់ ត្រូវមានពាក្យបណ្តឹងអំពីការបាត់បង់មកជាមួយ។ បើខូច ត្រូវយកកាតដែលខូចនោះមកប្រគល់ជូនមន្ត្រីវិញ។

៤. ការទទួលខុសត្រូវ និងការអំពាវនាវ

មន្ត្រីចុះបញ្ជីនឹងធ្វើការសម្ភាសន៍ និងផ្ទៀងផ្ទាត់ឯកសារយ៉ាងយកចិត្តទុកដាក់។ ទាំងមន្ត្រី និងប្រជាពលរដ្ឋ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើមានការផ្តល់ព័ត៌មាន ឬឯកសារក្លែងក្លាយដោយចេតនា។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវយ៉ាងទទូចដល់អ្នកដែលកាន់អត្តសញ្ញាណប័ណ្ណហួសកំណត់ ឬសល់សុពលភាពតិចជាង ១៨០ថ្ងៃ ឱ្យប្រញាប់រួសរាន់ទៅធ្វើថ្មី ដើម្បីជៀសវាងបញ្ហាក្នុងការប្រើប្រាស់ឯកសារផ្លូវច្បាប់ផ្សេងៗ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ៖ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥៕

ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…