លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តមអភិបាលខេត្ត កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយលោក Julien BERT នាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Cambodia Airport/SCA និងក្រុមការងារ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងទិសដៅអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅខេត្តព្រះសីហនុ។
ក្នុងជំនួបនោះ លោកអភិបាលរងខេត្តបានលើកឡើងអំពីសក្ដានុពល និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ខេត្តព្រះសីហនុ ក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងបន្តរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាកម្លាំងចលករសំខាន់មួយនៃកំណើនសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ លោក Julien BERT បានសម្ដែងនូវសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ក្នុងពេលដ៏ខ្លីខាងមុខ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងមិនត្រឹមតែជាច្រកទ្វារសម្រាប់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្ម និងដឹកជញ្ជូនទំនិញតាមផ្លូវអាកាសដ៏សំខាន់មួយរបស់កម្ពុជា ដែលអាចជួយពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងគាំទ្រដល់ការវិនិយោគ ក៏ដូចជាពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសនាពេលអនាគត។
ជំនួបនេះបានឆ្លុះបញ្ចាំងពីការបន្តពង្រឹងកិច្ចសហការរវាងរដ្ឋបាលខេត្ត និងវិស័យអាកាសចរណ៍ ក្នុងគោលបំណងជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ភស្តុភារកម្ម និងទេសចរណ៍ដ៏សំខាន់របស់កម្ពុជា និងតំបន់ផងដែរ៕
ដោយ៖ ប៉ៃ សុឃីម












