រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកជំទាវ ហ៊ុន ម៉ាណា បញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី២ខ្នង ១០បន្ទប់ នៅស្រុកប្រាសាទបល្ល័ង្គ ដើម្បីលើកកម្ពស់ការអប់រំកុមារ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីចំនួន ២ខ្នង ស្មើនឹង ១០បន្ទប់ រួមជាមួយអគារបន្ទប់ទឹក ១ខ្នង មាន ៤បន្ទប់ ការរៀបចំទីធ្លាសាលា និងដងទង់ជាតិ នៅសាលាបឋមសិក្សា ហ៊ុន សែន ក្របៅ ស្ថិតក្នុងភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកជំទាវបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់លោកយាយ លោកតា និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី។

លោកជំទាវបានលើកឡើងថា ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសការលើកកម្ពស់វិស័យអប់រំ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាឱ្យមានភាពសមរម្យ និងប្រកបដោយគុណភាព សម្រាប់កុមារ និងសិស្សានុសិស្សនៅតាមមូលដ្ឋាន។

ពិធីនេះត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ យាយជី តាជី អាណាព្យាបាលសិស្ស និងសិស្សានុសិស្សសរុប ៦២២នាក់។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកជំទាវក៏បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនលោកយាយ លោកតា ដែលបានចូលរួម ដោយក្នុងម្នាក់ទទួលបានឃីតសម្ភារប្រើប្រាស់ សម្លៀកបំពាក់ និងថវិកាចំនួន ៥ម៉ឺនរៀលរួមជាមួយ រទេះរុញចំនួន ២គ្រឿងក៏ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋមានពិការភាព ខណៈសិស្សានុសិស្សទាំង ៦២២នាក់ ទទួលបានអាហារសម្រន់ប្រកបដោយភាពសប្បាយរីករាយផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…