រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្រ្តីជាន់ខ្ពស់កម្ពុជាជំរុញឱ្យក្រុមហ៊ុន TOYOTA បន្តពង្រីកការវិនិយោគលើគ្រឿងបង្គុំយានយន្តនិងបច្ចេកវិទ្យាទំនើបនៅកម្ពុជា

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុន TOYOTA ពិនិត្យលទ្ធភាពបន្តពង្រីកការវិនិយោគលើគ្រឿងបង្គុំយានយន្ត បច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

ការថ្លែងជំរុញ និងលើកទឹកចិត្តដូច្នេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ការផ្គុំនិងដំឡើងរថយន្ត TOYOTA HILUX TRAVO នៅរោងចក្រតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក. ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយាល់គ្រុបភ្នំពេញ កាលពីថ្ងៃទី០២ ខែកក្កដា ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Toyota Tsusho ដែលបានសម្រេចចិត្តវិនិយោគលើការផ្ដុំដំឡើងរថយន្តម៉ូដែលថ្មីនៅកម្ពុជា ដែលស្តែងឱ្យឃើញពីជំនឿចិត្តយ៉ាងមុតមាំលើសក្តានុពលសេដ្ឋកិច្ចជាតិ។ ឯកឧត្តមសង្កត់ធ្ងន់ថា ការដំឡើងរថយន្តដោយវិស្វករខ្មែរផ្ទាល់ ជាសក្ខីភាពបង្ហាញពីសមត្ថភាពខ្ពស់ក្នុងការចាប់យកបច្ចេកវិទ្យាកម្រិតខ្ពស់ និងជាគម្រូវិនិយោគយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ ក្នុងការរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម អភិវឌ្ឍមូលធនមនុស្ស និងវិបុលភាពរយៈពេលវែង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនូវអំណរគុណចំពោះឯកឧត្តមឯកអគ្គរាជទូតជប៉ុនសម្រាប់ការគាំទ្រនិងសម្របសម្រួលយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និងមានប្រវត្តិមិត្តភាពយ៉ាងយូរអង្វែងរហូតឈានដល់ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” កាលពីឆ្នាំ២០២៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវិនិយោគលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីចំណាត់ការសំខាន់ៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក៏ដូចជាស្ថាប័ន ក.អ.ក. បាននិងកំពុងអនុវត្តក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងផ្តល់បរិយាកាសអំណោយផលដល់វិនិយោគិនក្នុងរយៈពេលវែងរួមមាន៖

១.ផែនការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងការវិនិយោគ, ២. ទិសដៅជំរុញការអភិវឌ្ឍប្រភពថាមពលស្អាត រំពឹងថា នឹងបានដល់ ៧០% នៃការប្រើប្រាស់ថាមពលសរុបក្នុងឆ្នាំ២០៣០, ៣. ការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ តាមរយៈការដាក់ចេញនូវ "ច្បាប់ស្តីពីការប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា" និង៤. ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលវិនិយោគជាមួយយន្តការផ្នែករដ្ឋនិងវិស័យឯកជននានាដែលបានដាក់ចេញ, ការចាប់យកឌីជីថលូបនីយកម្មលើសេវាសាធារណៈ ដូចជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធcdcIPM និងការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រួលបន្ថែមជូនវិនិយោគិនមួយកម្រិតទៀត ព្រមទាំងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងទីស្តីការ ក.អ.ក. ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតវិនិយោគិនគោលដៅ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់ដៃគូពាក់ព័ន្ធ បណ្តាញផ្គត់ផ្គង់ និងឧស្សាហកម្មគាំទ្រនានារបស់ TOYOTA ឱ្យមកធ្វើការឈ្វេងយល់បន្ថែមពីឱកាសវិនិយោគ ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃ (Forward & Backward Linkages) សំដៅរុញច្រានកម្ពុជាឱ្យចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល បង្កើតតម្លៃបន្ថែមក្នុងស្រុក និងការងារដែលមានគុណភាព។

ចំណែក ក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគម្រោងវិនិយោគនេះ ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តកែលម្អបរិយាកាសវិនិយោគ និងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ ដើម្បីទាក់ទាញក្រុមហ៊ុនឧស្សាហកម្មលំដាប់ពិភពលោកដូចជា TOYOTA ឱ្យមកបណ្តាក់ទុនកាន់តែច្រើនឡើងនៅកម្ពុជា៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…