ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានអំពាវនាវឱ្យក្រុមការងាររាជរដ្ឋាភិបាល មន្ត្រីជំនាញ អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យអាទិភាពចំនួន៩ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីគាំទ្រការអនុវត្តផែនការអភិវឌ្ឍជាតិ និងសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
វិស័យសំខាន់ៗទាំង៩ រួមមាន វិស័យអប់រំ សុខាភិបាល សាធារណៈការ ឧស្សាហកម្ម ធនធានទឹក សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ទេសចរណ៍ ការងារផែនដី និងមូលនិធិជាតិជំនួយសង្គម ដែលត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដែលបានប្រព្រឹត្តទៅនៅសាលសន្និសីទខេត្តកំពត នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ វិស័យអាទិភាពទាំងនេះត្រូវការការពង្រឹងគុណភាព និងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ ជាពិសេសត្រូវមានផែនការអនុវត្តច្បាស់លាស់ និងមានប្រសិទ្ធភាព ដើម្បីធានាឱ្យការអនុវត្តយុទ្ធសាស្ត្រជាតិទទួលបានជោគជ័យ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណអាចទទួលបានលទ្ធផលជោគជ័យ លុះត្រាតែគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធ បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅតាមឃុំ-សង្កាត់ និងក្រុង-ស្រុកទូទាំងខេត្ត បានរៀបចំវេទិកាសាធារណៈសរុបចំនួន ៤២៦លើក និងទទួលបានបញ្ហាប្រឈម និងសំណូមពរពីប្រជាពលរដ្ឋចំនួន ៧៩២ករណី។
ក្នុងចំណោមសំណូមពរទាំងនេះ មាន ៥៣៤ករណីត្រូវបានដោះស្រាយភ្លាមៗនៅក្នុងវេទិកា ១១៧ករណីត្រូវបានដោះស្រាយនៅថ្នាក់ឃុំ ស្រុក និងខេត្ត ខណៈ ២៦១ករណីកំពុងបន្តដំណើរការដោះស្រាយ។ ដោយឡែក មាន ៣១ករណីមិនទាន់ដោះស្រាយ និង ៦ករណីត្រូវបានបញ្ជូនទៅថ្នាក់ជាតិដើម្បីពិនិត្យ និងដោះស្រាយបន្ត។
ក្រៅពីនេះ ក្រុមការងារក៏បានសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅទូទាំងខេត្តបានចំនួន ១៤៣ករណីផងដែរ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមនៅមូលដ្ឋាន៕
ដោយ៖ ប៉ៃ សុឃីម












