សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី៨ ក្នុងខេត្តក្រចេះ។
ពិធីនេះមានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន និងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្ត សរុបចំនួន ១,០២៦នាក់។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹក និងជំរុញដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ឱ្យបន្តបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយផ្តោតលើការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងការដោះស្រាយបញ្ហា ក៏ដូចជាក្តីកង្វល់នានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ការចុះជួបសំណេះសំណាលនៅខេត្តក្រចេះនេះ គឺជាលើកទី១៧ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន ចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ គិតមកទល់ពេលនេះ សម្តេចតេជោ បានអញ្ជើញទៅកាន់រាជធានី-ខេត្តចំនួន១៧ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្តាល រាជធានីភ្នំពេញ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តក្រចេះ៕
ដោយ៖ ប៉ៃ សុឃីម

















