គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន ៧៩ភាគរយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការលេខា ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យតាមដានការអនុវត្តគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)ដោយផ្ទាល់
ក្រសួងសាធារណការ បានបញ្ជាក់ថា វឌ្ឍនភាពគម្រោងរួមមាន ៖ ១.ផ្នែកគ្រឹះស្ពាន សម្រេច ១០០% ២. រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០% ៣. រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០% ៤. រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤% និង ៥. បណ្តាញផ្លូវសម្រេចបាន ៥១% (ផ្លូវតភ្ជាប់ ប្រវែង ៨០៤,៣០ម សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន ៥០%)។
ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់ឃើញថា ក្រុមហ៊ុនសំណង់សៀងហៃ ដែលបាន និងកំពុងដំណើរការដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសត្រឹមត្រូវ ប្រកបដោយគុណភាព និងសោភណ័្ឌភាព។
ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យអង្គភាពគ្រប់គ្រងគម្រោង បន្តពង្រឹងសុវត្ថិភាពការងារបន្ថែមទៀតដោយសាររដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក និងបានណែនាំឱ្យពិនិត្យបន្ថែមផ្ទៃលើនៃកម្រាលផ្លូវបេតុងទាំងអស់ ដើម្បីបង្កើនភាពកកិត ដើម្បីជៀសវាងការរអិល ឬគ្រោះថ្នាក់សម្រាប់អ្នកប្រើប្រាស់ និងសិក្សាបន្ថែមអំពីប្រព័ន្ធភ្លើងបំភ្លឺឱ្យមានពន្លឺគ្រប់គ្រាន់ រួមទាំងសិក្សារៀបចំសួនលើរង្វង់មូលសងខាង និងលើស្ពាន ដើម្បីបង្កើនសោភណ័ភាពឱ្យកាន់តែស្រស់ស្អាតថែមទៀត។
សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី៧តាមដងទន្លេបាសាក់ បន្ទាប់ពីស្ពានដែលបានសាងសង់រួចទាំង៦ រួមមាន ស្ពានឆ្លងកោះពេជ្រ-កោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ៕
ដោយ៖ ង៉ែត ពិសាន្ត














