ថ្លែងប្រាប់អ្នកសារព័ត៌មានពីយុទ្ធនាការនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្សក្នុងខេត្តកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានក្លាយជាខែលការពារដ៏មានសារៈសំខាន់ ក្នុងការគាំពារប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យ ដែលជាកម្លាំងស្នូលនៃសង្គម ឱ្យជៀសផុតពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ការផ្សាយបែបបំភ្លៃ និងការកេងចំណេញផ្នែកនយោបាយទុច្ចរិត ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពសង្គម និងពង្រឹងជំនឿទុកចិត្តរបស់សាធារណជន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
នេះបើតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន។
ឯកឧត្តមអ្នកនាំពាក្យ បានគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦មក ការអនុវត្តយុទ្ធនាការបានផ្សព្វផ្សាយបញ្រ្ជាបដល់សិស្សានុសិស្សនៃវិទ្យាល័យ អនុវិទ្យាល័យធំៗ ចំនួន២៥ ក្នុង១០រាជធានី-ខេត្តគឺ ភ្នំពេញ, ព្រះវិហារ, តាកែវ, កំពង់ស្ពឺ, កំពត, ពោធិ៍សាត់, កំពង់ធំ, សៀមរាប, កំពង់ចាម, កែប ដោយមានសិស្សានុសិស្សរាប់ម៉ឺននាក់ចូលរួម។
ឯកឧត្តម បានបន្ថែមថា យុទ្ធនាការកំពុងបន្តដំណើររបស់ខ្លួនឆ្ពោះទៅមុខទៅកាន់បណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងខេត្តទាំងអស់ជាបន្តបន្ទាប់ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
រាល់ដំណើរបោះជំហានទៅមុខរបស់យុទ្ធនាការ គឺជាការកសាងភាពធន់នឹងការផ្សាយប្រឌិតបំភ្លៃ ការបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានពិត និងការការពារសន្តិសុខព័ត៌មានជាតិ។យុទ្ធនាការបានបញ្ចេញមាតិកាព័ត៌មាន និងបែបអប់រំតាមប្រព័ន្ធផ្សាយរដ្ឋ និងឯកជន ទាំងប្រពៃណី និងទំនើប ចំនួនប្រមាណជាង ២០ ៥៨២ ដង/មាតិកា ដែលពលរដ្ឋ និងសហគមន៍ជាអ្នកប្រើប្រាស់បានចែករំលែកបន្តបន្ថែមទៀត។ សកម្មភាពយុទ្ធនាការតាមបណ្តាញសង្គម ទទួលបានការគាំទ្រពីសាធារណជន ដោយមានការចូលមើល និងបានចែករំលែកសរុបចំនួនប្រមាណជិត២លាន ដង។ដោយសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ យុទ្ធនាការបានផ្ញើសារអប់រំផ្សព្វផ្សាយតាមប្រព័ន្ធTRC-SMS ទៅដល់អ្នកប្រើប្រាស់ទូរសព្ទចល័តនៅទូទាំងប្រទេស ដើម្បីធានាការបញ្ជ្រាបដល់គ្រប់ស្រទាប់ក្នុងសង្គម៕
ដោយ៖ ធី លីថូ








