(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីម្សិលមិញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលទស្សនាស្តង់ពិព័រណ៍នានា នៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ប្រមូលផ្តុំអ្នកផ្តល់សេវាកម្ម និងផលិតផលពាក់ព័ន្ធនឹងការរៀបចំអាពាហ៍ពិពាហ៍ដ៏ធំបំផុតមួយនៅកម្ពុជា ពោលគឺពិព័រណ៍នេះបានរីកចម្រើនទាំងទំហំ និងគុណភាពពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការជួបជុំរវាងអ្នកផ្តល់សេវា និងអតិថិជន ព្រមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីតម្លៃ និងភាពវិចិត្រនៃពិធីអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរ។
សូមជម្រាបថា នេះជាលើកទី៣ហើយ ដែលពិព័រណ៍អាពាហ៍ពិពាហ៍ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងអភិរក្ស និងថែរក្សាវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ដូនតាខ្មែរ ព្រមទាំងផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៌ អរិយធម៌ អត្តសញ្ញាណ និងរចនាបថនៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ទៅកាន់ឆាកអន្តរជាតិ៕
ប្រភព៖ ក្រសួងទេសចរណ៍
ដោយ៖ ធី លីថូ













