រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងកិច្ចការនារី និងអង្គការទស្សនពិភពលោក ត្រៀមពង្រឹងកិច្ចសហការលើយុទ្ធសាស្ត្រ៤ ដើម្បីទប់ស្កាត់អំពើហិង្សាលើកុមារ និងពង្រឹងសេដ្ឋកិច្ចស្ត្រី

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី ថាន ធីហា (Than Thi Ha) នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការទស្សនពិភពលោក (World Vision) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហការ ដើម្បីគាំទ្រការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្រនារីរតនៈ សំដៅកាត់បន្ថយអំពើហិង្សាលើកុមារ និងលើកកម្ពស់ភាពអង់អាច និងសេដ្ឋកិច្ចស្ត្រី។

លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងនូវ យុទ្ធសាស្ត្រសំខាន់ៗចំនួន៤ ដែលស្ថាប័នទាំងពីរអាចសហការអនុវត្ត រួមមាន៖
ទី១.កម្មវិធីគ្រួសាររឹងមាំ របស់អង្គការទស្សនពិភពលោក ដែលជាកម្មវិធីមួយ អាចកាត់បន្ថយអំពីហិង្សាពីអ្នកថែទាំ ឬឪពុកម្តាយ ដែលអាចបន្ស៊ីគ្នា ទៅនឹងកម្មវិធីជំនាញមាតាបិតា (Parenting Skill) របស់ក្រសួងកិច្ចការនារី ដើម្បីកាត់បន្ថយអំពើហិង្សាលើកុមារ។

ទី២. ការលើកកម្ពស់សេដ្ឋកិច្ចរបស់ស្ត្រី និងការប្រែប្រួលអាកាសធាតុ៖ ដោយសារបច្ចុប្បន្ន ក្រសួងកិច្ចការនារី បានអនុវត្តកម្មវិធី WE អស់រយៈពេលជាង១០ឆ្នាំមកហើយ ដើម្បីលើកកម្ពស់សហគ្រិនភាពស្ត្រី ដែលស្របគ្នាជាមួយនឹងអង្គការទស្សនពិភពលោក ដែលមានកម្មវិធីលើកកម្ពស់សេដ្ឋកិច្ចស្ត្រី និងការប្រែប្រួលអាកាសអាតុ។

ទី៣.ពង្រឹងធនធានបុគ្គលិករដ្ឋាភិបាល ដើម្បីឱ្យមានជំនាញគ្រប់គ្រាន់ ក្នុងការធ្វើការងារខាងលើ ដើម្បីជានិរន្តភាព
ទី៤.ជំនាញឌីជីថល ដែលភាគីទាំងពីរគួរតែពិចារណា ក្នុងការបង្រៀនទៅដល់ក្រុមស្ត្រី ដោយសារអ្នកនៅតាមជនបទ ជំនាញឌីជីថលនេះ ជាផ្នែកមួយដ៏សំខាន់ ដែលពួកគាត់ត្រូវចេះ និងត្រូវចេះប្រើ ដោយភាពវិជ្ជមាន និងសុវត្ថិភាព។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអង្គការទស្សនពិភពលោក ចាប់ផ្តើមកិច្ចសហការជាមួយក្រសួង តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមុន ដើម្បីបង្កើតមូលដ្ឋានសម្រាប់ការអនុវត្តកម្មវិធីរួម និងពង្រីកអត្ថប្រយោជន៍ជូនស្ត្រី និងកុមារនៅកម្ពុជា។

ជាការឆ្លើយតប លោកស្រី ថាន ធីហា បានស្វាគមន៍គំនិតផ្តួចផ្តើមនេះ និងបញ្ជាក់ថា នឹងយកទៅពិភាក្សាជាមួយថ្នាក់ដឹកនាំអង្គការ ដើម្បីឈានទៅបង្កើតកិច្ចសហការជាក់ស្តែងជាមួយក្រសួងកិច្ចការនារីនាពេលខាងមុខ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…