រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វិចារណកថា៖គ្រឿងញៀនមិនមែនជាបញ្ហារបស់អ្នកប្រើប្រាស់តែម្នាក់ទេ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

តើត្រូវមានមនុស្សប៉ុន្មាននាក់ទៀតបាត់បង់ជីវិត ទើបសង្គមយើងយល់ថា គ្រឿងញៀនមិនមែនជាបញ្ហាតូចតាច?

សំណួរនេះគួរតែត្រូវបានសួរឡើងវិញ បន្ទាប់ពីសោកនាដកម្មជាបន្តបន្ទាប់ ដែលគ្រឿងញៀនត្រូវបានរាយការណ៍ថា ជាកត្តាពាក់ព័ន្ធ និងបានធ្វើឱ្យមនុស្សស្លូតត្រង់បាត់បង់ជីវិត ឬរងរបួសយ៉ាងធ្ងន់ធ្ងរ។

ករណីមួយ ជនបង្កដែលត្រូវបានរាយការណ៍ថា បានប្រើប្រាស់គ្រឿងញៀន និងប្រើហិង្សាលើប្រពន្ធ មិនបានបញ្ចប់ត្រឹមជម្លោះក្នុងគ្រួសារឡើយ។ នៅពេលកម្លាំងសមត្ថកិច្ចទៅចូលអន្តរាគមន៍ ដើម្បីការពារសន្តិសុខ បែរជាបានក្លាយទៅជាសោកនាដកម្ម ដោយជនបង្កបានបំផ្ទុះគ្រាប់បែក បណ្តាលឱ្យមន្ត្រីនគរបាល និងប្រជាការពារសរុប៥រូបពលីជីវិត ខណៈជនបង្កក៏បានស្លាប់ និងប្រជាការពារម្នាក់ទៀតរងរបួស នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។

មនុស្សទាំង៥រូបដែលបានពលី មិនមែនជាអ្នកប្រើប្រាស់គ្រឿងញៀនទេ។ ពួកគេគ្រាន់តែចូលទៅបំពេញភារកិច្ចរបស់ខ្លួន ដើម្បីការពារសន្តិសុខ និងអន្តរាគមន៍ក្នុងស្ថានការណ៍ដែលកំពុងកើតឡើងប៉ុណ្ណោះ។ ប៉ុន្តែពួកគេត្រូវបាត់បង់ជីវិតដោយសារហេតុការណ៍ដែលត្រូវបានរាយការណ៍ថា មានការប្រើប្រាស់គ្រឿងញៀនពាក់ព័ន្ធ។

ចំណែក មួយករណីទៀត ក៏ជាសោកនាដកម្មដែលពិបាកទទួលយកដែល។ លោក ទ្រី សក្កដា ត្រូវបានសមត្ថកិច្ចពិនិត្យរកឃើញថា បានប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីបើករថយន្តរយ៉ែថយកក្រោយបុករះរថយន្ត២គ្រឿង និងកិនម៉ូតូ១គ្រឿងទៀត បណ្តាលឱ្យក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ស្លាប់ និងម្តាយរបស់នាងរងរបួសធ្ងន់។

ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់នេះ មិនបានប្រើគ្រឿងញៀនទេ។ នាងមិនបានបើកបរក្រោមឥទ្ធិពលសារធាតុញៀនទេ ហើយនាងក៏មិនបានជ្រើសរើសយកសោកនាដកម្មនេះមកដាក់លើខ្លួនឯងដែរ។ ប៉ុន្តែនាងត្រូវបាត់បង់ជីវិត ដោយសារការសម្រេចចិត្តរបស់អ្នកដទៃ។

នេះហើយជាការពិតដ៏គួរឱ្យព្រួយបារម្ភ៖ គ្រឿងញៀនមិនសម្លាប់តែអ្នកប្រើប្រាស់ទេ។

វាអាចបំផ្លាញគ្រួសារ។ វាអាចបង្កអំពើហិង្សា។ វាអាចនាំទៅរកបទល្មើស។ វាអាចបង្កគ្រោះថ្នាក់ចរាចរណ៍។ ហើយវាអាចធ្វើឱ្យមនុស្សស្លូតត្រង់ ដែលមិនធ្លាប់ប៉ះពាល់គ្រឿងញៀនសោះ ក្លាយជាជនរងគ្រោះ។

ដូច្នេះ ការមើលគ្រឿងញៀនថាជា «បញ្ហាផ្ទាល់ខ្លួន» របស់អ្នកប្រើប្រាស់ គឺជាការមើលបញ្ហានេះតូចជាងការពិត។

នៅពេលមនុស្សម្នាក់បាត់បង់ការគ្រប់គ្រងលើខ្លួនឯងដោយសារគ្រឿងញៀន សង្គមជុំវិញខ្លួនក៏អាចប្រឈមនឹងហានិភ័យ។ ពេលខ្លះ វាចាប់ផ្តើមពីការឈ្លោះប្រកែកគ្នាក្នុងគ្រួសារ បន្តទៅជាអំពើហិង្សា ហើយអាចបញ្ចប់ដោយការបាត់បង់ជីវិត។ ពេលខ្លះ វាចាប់ផ្តើមពីការសម្រេចចិត្តបើកបរមួយលើក ប៉ុន្តែអាចបញ្ចប់ជីវិតមនុស្សដែលកំពុងធ្វើដំណើរតាមដងផ្លូវដោយគ្មានកំហុស។

សំណួរដែលសង្គមគួរតែសួរ មិនមែនត្រឹមតែ «តើអ្នកណាកំពុងប្រើគ្រឿងញៀន?» នោះទេ។ ប៉ុន្តែគួរសួរថា តើយើងអាចធ្វើអ្វីបាន ដើម្បីកុំឱ្យមនុស្សម្នាក់ដែលកំពុងប្រើប្រាស់គ្រឿងញៀន ក្លាយជាមូលហេតុនៃសោកនាដកម្មរបស់មនុស្សជាច្រើននាក់ទៀត?

ដូច្នេះការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចចាត់ទុកជាបន្ទុករបស់សមត្ថកិច្ចតែម្នាក់ឯងបានទេ។ វាត្រូវការការចូលរួមពីគ្រួសារ សាលារៀន សហគមន៍ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប។

គ្រួសារត្រូវយកចិត្តទុកដាក់លើកូនៗ និងសមាជិកគ្រួសារ។ សាលារៀនត្រូវបង្កើនការអប់រំអំពីគ្រោះថ្នាក់នៃគ្រឿងញៀន។ សហគមន៍ត្រូវចូលរួមទប់ស្កាត់ និងរាយការណ៍ពីសកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន។ ចំណែកសមត្ថកិច្ច ត្រូវបន្តអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ជាពិសេសចំពោះអ្នកជួញដូរ និងអ្នកចែកចាយ ដែលនាំគ្រឿងញៀនចូលទៅក្នុងសង្គម។

ជាមួយគ្នានេះ អ្នកដែលធ្លាក់ក្នុងការប្រើប្រាស់គ្រឿងញៀន ក៏ត្រូវការការព្យាបាល និងការស្តារនីតិសម្បទា។ ចំណែក ការជួយពួកគេឱ្យរួចផុតពីការញៀន និងត្រឡប់មករស់នៅក្នុងសង្គមវិញ គឺជាផ្នែកមួយនៃការកាត់បន្ថយគ្រោះថ្នាក់រយៈពេលវែង។

ប៉ុន្តែការអាណិតអាសូរ និងការព្យាបាល មិនមានន័យថា សង្គមត្រូវអត់ឱនចំពោះទង្វើដែលបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃឡើយ។ អ្នកដែលបង្កបទល្មើស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែងដាច់ខាត។

យើងមិនគួររង់ចាំឱ្យក្មេងម្នាក់ទៀតបាត់បង់ជីវិត។ មិនគួររង់ចាំឱ្យគ្រួសារមួយទៀតបាត់បង់សមាជិក។ ហើយរិតតែក៏មិនគួររង់ចាំឱ្យមន្ត្រីដែលកំពុងបំពេញភារកិច្ចម្នាក់ទៀតពលីជីវិត ទើបយើងចាប់ផ្តើមយល់ថា គ្រឿងញៀនគឺជាបញ្ហាធ្ងន់ធ្ងរនោះទេ។

ព្រោះនៅពេលសោកនាដកម្មកើតឡើង ទឹកភ្នែកមិនអាចនាំអ្នកស្លាប់ត្រឡប់មកវិញបានទេ។ ការសោកស្តាយក៏មិនអាចផ្តល់អនាគតត្រឡប់ទៅក្មេងស្រីអាយុ១៣ឆ្នាំម្នាក់វិញបានដែរ។

ហេតុនេះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនគ្រាន់តែជាការកម្ចាត់គ្រឿងញៀនចេញពីសង្គមទេ ប៉ុន្តែជាការការពារជីវិតមនុស្សដែលមិនគួរត្រូវស្លាប់ដោយសារគ្រឿងញៀន។ កុំរង់ចាំឱ្យមានសោកនាដកម្មបន្ថែមទៀត ទើបយើងចាត់ទុកគ្រឿងញៀនជាបញ្ហាអាទិភាព។

ព្រោះគ្រឿងញៀនអាចចាប់ផ្តើមពីមនុស្សម្នាក់ ប៉ុន្តែសោកនាដកម្មរបស់វា អាចប៉ះពាល់ដល់សង្គមទាំងមូល៕

ដោយ៖ ង៉ែត ពិសាន្ត



 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…