រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំកុមារតូច ជាគ្រឹះសំខាន់សម្រាប់កសាងធនធានមនុស្សនាពេលអនាគត

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា ការអប់រំកុមារតូច គឺជាគ្រឹះដ៏រឹងមាំ និងមានសារៈសំខាន់បំផុតក្នុងការកសាងកុមារឱ្យក្លាយជាពលរដ្ឋមានចំណេះដឹង សីលធម៌ សមត្ថភាព និងស្មារតីទទួលខុសត្រូវចំពោះសង្គមជាតិ។

នេះការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោកជំទាវ កែ សួនសុភី ស សុខា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សាចំនួន ២ខ្នង ស្មើនឹង៨បន្ទប់ នៅសាលាបឋមសិក្សារកាកូនសាត់ និងសាលាបឋមសិក្សាសំពៅមាស ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា អគារសិក្សាស្តង់ដារទាំងនេះ នឹងចូលរួមលើកកម្ពស់គុណភាពអប់រំកុមារតូច និងបង្កើនបរិយាកាសសិក្សាឱ្យកាន់តែប្រសើរ។ ជាមួយគ្នានេះ លោកបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំង និងលោកគ្រូ អ្នកគ្រូ ដែលបានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវ។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់ មាតា បិតា និងអាណាព្យាបាល ឱ្យបន្តយកចិត្តទុកដាក់លើការសិក្សារបស់កូនៗ មិនត្រូវបណ្តោយឱ្យកុមារបោះបង់ការសិក្សា ឬប្រព្រឹត្តអំពើមិនល្អ ដែលអាចឈានទៅរកបទល្មើសក្នុងសង្គម។

យោងតាមរបាយការណ៍ លោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច បានឱ្យដឹងថា អគារមតេ្តយ្យសិក្សារកាកូនសាត់ មានចំនួន១ខ្នង ស្មើនឹង៤បន្ទប់ និងសាងសង់របងសាលា ខ្លោងទ្វារ ព្រមទាំងសមិទ្ធផលនានា ចំណាយថវិកាសរុប ១០៥.០១៩ដុល្លារ។ ក្នុងនោះ សាងសង់អគារមត្តេយ្យសិក្សា និងបំពាក់សម្ភារៈបរិក្ខារក្នុងថ្នាក់ ចំណាយថវិកាសរុប ៧១.៤៣៦ដុល្លារ សាងសង់របងខ្លោងទ្វារ និងរបងព័ទ្ធជុំវិញ ចំណាយថវិកាសរុប ១៤.៥៨១ដុល្លារ លាបថ្នាំពណ៌ថ្មី អគារបឋមសិក្សា ចំណាយអស់ ២.០០០ដុល្លារ ចាក់ដី និងធ្វើសួនផ្កា អស់ថវិកា ៦.៥០០ដុល្លារ ដោះស្រាយផលប៉ះពាល់ដី ចំណាយថវិកា ៧.០០០ដុល្លារ និងសាងសង់ផ្លូវចូលសាលា ចំណាយថវិកា ៣.៥០០ដុល្លារ។

បច្ចុប្បន្ន ស្រុកព្រះស្ដេចមានសាលារៀនសរុប ៧៤សាលា និងមត្តេយ្យសិក្សាសហគមន៍ចំនួន ៥៤កន្លែង៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…