រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គម្រោងរៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជននឹងរួមចំណែកដល់វិស័យទឹកស្អាតកម្ពុជាដល់ឆ្នាំ២០៤០

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

វិស័យទឹកស្អាតនៅកម្ពុជាបានបើកទំព័រថ្មីមួយទៀត ខណៈ«គម្រោងរៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន» ត្រូវបានរំពឹងថា នឹងរួមចំណែកដល់វិស័យទឹកស្អាតរបស់កម្ពុជារហូតដល់ឆ្នាំ២០៤០។ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការអនុវត្ត «គម្រោងរៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន» ដែលជាគម្រោងសហប្រតិបត្តិការបច្ចេកទេសរយៈពេល៣ឆ្នាំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “កម្មវិធីថ្ងៃនេះគឺជាការផ្សព្វផ្សាយសមិទ្ធផលនៃគម្រោង និងជាការបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ ឯកសារទាំងអស់ដែលគម្រោងសម្រេចបាន មិនមែនគ្រាន់តែជារបាយការណ៍ដែលរៀបចំឡើងសម្រាប់គម្រោងនេះប៉ុណ្ណោះទេ តែវាជាឧបករណ៍សម្រាប់ការគ្រប់គ្រង និងការធ្វើផែនការជាក់ស្តែង ដែលនឹងរួមចំណែកដល់វិស័យទឹកស្អាតរបស់កម្ពុជារហូតដល់ឆ្នាំ២០៤០។”

ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យរដ្ឋាករទឹកសាធារណៈ និងមន្ទីររាជធានី-ខេត្តប្រើប្រាស់គោលការណ៍ណែនាំទាំងនេះយ៉ាងសកម្មក្នុងការរៀបចំផែនការវិនិយោគនាពេលអនាគត និងផែនការមេរបស់រដ្ឋាករទឹកនីមួយៗ ព្រមទាំងបានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ឱ្យផ្តល់ជំនួយស្របតាមទិសដៅជាតិ ដើម្បីពង្រឹងការសម្របសម្រួល និងពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។

ចំណែក លោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា លើកឡើងថា សារសំខាន់នៃគម្រោងនេះមិនត្រឹមតែស្ថិតនៅលើសមិទ្ធផលបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើសមត្ថភាពស្ថាប័ន និងធនធានមនុស្សដែលត្រូវបានពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការរយៈពេល៣ឆ្នាំកន្លងមក។ បើតាមលោក Kazumasa “យើងបានធ្វើការជាមួយគ្នា រៀនសូត្រជាមួយគ្នា និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា។ ខ្ញុំជឿជាក់ថា សមត្ថភាពធនធានមនុស្សនេះនឹងក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់កម្ពុជានាពេលអនាគត។”

លោក Kazumasa បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ JICA ក្នុងការបន្តគាំទ្រកម្ពុជាលើការពង្រឹងសមត្ថភាពស្ថាប័ន ការកែលម្អការគ្រប់គ្រងរដ្ឋាករទឹកសាធារណៈ ការជំរុញការវិនិយោគប្រកបដោយនិរន្តរភាព និងការពង្រីកលទ្ធភាពទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន។

«គម្រោងរៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន»នេះ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពក្រសួងក្នុងការធ្វើនិយ័តកម្ម និងត្រួតពិនិត្យការផ្តល់សេវារបស់រដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាត ព្រមទាំងពង្រឹងការគ្រប់គ្រងវិស័យទឹកស្អាតនៅថ្នាក់រាជធានី-ខេត្ត។ លទ្ធផលនៃគម្រោងផ្តល់ឱ្យកម្ពុជានូវក្របខ័ណ្ឌរួមមួយ ដើម្បីប្រែក្លាយគោលដៅរយៈពេលវែងនៃវិស័យទឹកស្អាត ទៅជាផែនការ ការវិនិយោគ និងការអនុវត្តប្រកបដោយការសម្របសម្រួល៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…