ខេត្តព្រះសីហនុ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែសីហា ដែលជាថ្ងៃទី១ នៃការប្រឡង នៅទូទាំងខេត្តព្រះសីហនុ បានប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អ ដោយពុំមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា នៅមណ្ឌលប្រឡងទាំង៥ ទូទាំងខេត្ត ការប្រឡងបានដំណើរការទៅដោយរលូន ស្របតាមនីតិវិធី និងពុំមានបញ្ហាប្រឈម ឬបាតុភាពមិនប្រក្រតីណាមួយកើតឡើងនោះទេ។
លោកស្រីបានបញ្ជាក់ថា ចំពោះបេក្ខជនមួយចំនួនដែលមានបញ្ហាសុខភាពស្រាប់ ក្រុមការងារបានយកចិត្តទុកដាក់ និងសម្របសម្រួលផ្តល់ការថែទាំសុខភាពជាចាំបាច់ រួមទាំងការដាក់សេរ៉ូម ដើម្បីឱ្យបេក្ខជនអាចបន្តការប្រឡងបានជាធម្មតា។
ជារួម ការប្រឡងនៅថ្ងៃទី១ ក្នុងខេត្តព្រះសីហនុ បានប្រព្រឹត្តទៅដោយភាពរលូន សុវត្ថិភាព និងមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារ ដើម្បីធានាឱ្យបេក្ខជនគ្រប់រូបទទួលបានលក្ខខណ្ឌសមស្របសម្រាប់ការប្រឡង៕ ដោយ ប៉ៃ សុឃីម











