ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅភ្នំពេញ មានបញ្ហាប្រឈម៣ ដែលយើងបាននិងកំពុងដោះស្រាយ នោះគឺបញ្ហាប្រឈមសំណល់រឹង ជំនន់ទឹកភ្លៀង និងការកកស្ទះចរាចរណ៍។ កិច្ចការទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយទាំងការរៀបចំឱ្យមាន ខ្សែរត់រថយន្តក្រុងចាប់ពីច្រមុះជ្រូកចោមចៅតាមផ្លូវលេខ២១៧ ឆ្ពោះមកបេនឡានសូរិយា។ ខ្សែរត់ថ្មីនេះ ទាមទារឱ្យមានការកំណត់ម៉ោង ពេល ឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានការគាំទ្រ ជឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងការទទួលសេវាដឹកជញ្ជូនរថយន្តក្រុងខ្សែរត់ថ្មីនេះ។
ការលើកឡើងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
បើតាមឯកឧត្តម ឃួង ស្រេង រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីស្ដារ និងអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ឯកឧត្តមអភិបាលបន្តថា៖ បើទោះបីមានបញ្ហាជម្លោះជាមួយប្រទេសថៃ ប៉ុន្តែវាមិនបានរំខាន ដល់ការដើរទៅមុខរបស់កម្ពុជាឡើយ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋជាមួយនឹងការជំរុញផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ខណៈពលរដ្ឋនៅរាជធានីភ្នំពេញ បាននិងកំពុងរស់នៅបែបស៊ីវិល័យ។ ឯកឧត្តម ក៏បានណែនាំឱ្យបន្តពិនិត្យលើការងារ នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅតាមច្រកចេញចូលតែមួយ នៅថ្នាក់ខណ្ឌ សង្កាត់ ឱ្យកាន់តែល្អប្រសើរទៅតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំយោបល់៕
ដោយ៖ ង៉ែត ពិសាន្ត



















