រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បញ្ឈប់ការកាប់ព្រៃរដ្ឋទៅ! សម្តេចធិបតី ហ៊ុន ម៉ាណែត បើកផ្លូវឱ្យពលរដ្ឋខ្វះដីពិតប្រាកដ ចុះឈ្មោះទទួលដីរដ្ឋដោយស្របច្បាប់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារណែនាំយ៉ាងទទូចតាមរយៈបណ្តាញសង្គមផ្លូវការ ដល់បងប្អូនប្រជាពលរដ្ឋដែលគ្មានដីធ្លីបង្កបង្កើនផលពិតប្រាកដ សូមចៀសវាងការទៅកាប់ឆ្ការទន្ទ្រានព្រៃឈើដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។ ផ្ទុយទៅវិញ សម្តេចបានណែនាំឱ្យពួកគេទៅចុះឈ្មោះជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានដីធ្លីស្របច្បាប់ តាមរយៈកម្មវិធីរបស់រាជរដ្ឋាភិបាលដែលធ្លាប់បានជួយផ្តល់ដីជូនពលរដ្ឋរាប់ពាន់គ្រួសារកន្លងមក ដូចជា កម្មវិធី LASED កម្មវិធីផ្តល់ដីសង្គមកិច្ចជូនអតីតយុទ្ធជន និង «កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព» ជាដើម។

ចំពោះ «កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព» នេះ គឺជាកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងទ្វេគុណ គឺមិនត្រឹមតែជួយដោះស្រាយបញ្ហាខ្វះខាតដីធ្លីពិតប្រាកដរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសឱ្យពួកគេបានចូលរួមចំណែកផ្ទាល់ក្នុងការការពារដីធ្លី និងព្រៃឈើរបស់រដ្ឋទៀតផង។ ការរៀបចំកម្មវិធីនេះ នឹងផ្តោតការយកចិត្តទុកដាក់ឆ្ពោះទៅតំបន់ភាគឦសាន និងតំបន់យុទ្ធសាស្ត្រមួយចំនួនទៀត ដែលចាំបាច់ត្រូវការពារធនធានធម្មជាតិ និងជំរុញការអភិវឌ្ឍ។

ដើម្បីធានាបាននូវភាពត្រឹមត្រូវ សុក្រឹតភាព និងតម្លាភាពខ្ពស់បំផុតក្នុងការបែងចែកដីសម្បទានសង្គមកិច្ចថ្មីនេះ រាជរដ្ឋាភិបាលនឹងបង្កើតយន្តការថ្នាក់ជាតិមួយដែលមាន នាយករដ្ឋមន្ត្រី ផ្ទាល់ជាប្រធាន អមដោយយន្តការថ្នាក់លេខាធិការដ្ឋាន។ យន្តការដ៏រឹងមាំនេះ នឹងជួយបង្កើនប្រសិទ្ធភាព និងពន្លឿនល្បឿនការងារ ដើម្បីធានាថាប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ នឹងទទួលបានឱកាសកសាងជីវភាពថ្មីដោយស្របច្បាប់ និងមាននិរន្តរភាព៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…