(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងចំនួន៦០៣បណ្ដឹង ក្នុងនោះមានបណ្តឹងស្ទួនចំនួន ៤៦បណ្ដឹង និងបណ្តឹងគ្មានប្រភពចំនួន២៤បណ្ដឹង។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ចំនួនបណ្ដឹងសរុបបានកើនឡើង២០២បណ្ដឹង ស្មើនឹង៥០ភាគរយ។ នេះបើតាមរបាយការណ៍អគ្គាធិការរដ្ឋានផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍អគ្គាធិការដ្ឋាន បណ្តឹងទាំងនោះរួមមាន បណ្តឹងប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋ៦១បណ្ដឹង ប្រជាពលរដ្ឋជាមួយនឹងមន្ត្រីរាជការ១៣២បណ្ដឹង មន្ត្រីរាជការជាមួយនឹងមន្ត្រីរាជការ ៧បណ្ដឹង មន្ត្រីរាជការជាមួយនឹងអង្គភាពចំណុះក្រសួងមហាផ្ទៃ ៩បណ្ដឹង និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការសរុប ៣២៤បណ្ដឹង ខណៈពាក្យបណ្ដឹងដែលអគ្គាធិការមានសរុបចំនួន៧២៤បណ្ដឹង ក្នុងនោះពាក្យដែលបានបន្តនីតិវិធីកន្លងមកមានចំនួន១៩១បណ្ដឹង។
ឯកឧត្តមឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ឱ្យដឹងថា ជារួមលទ្ធផលក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានបានដោះស្រាយពាក្យបណ្ដឹងចំនួន៥៤៤បណ្ដឹង ស្មើនឹង ៧៥ភាគរយ នៃបណ្ដឹងសរុប ដែលចំនួននេះបានកើនឡើង ៨ភាគរយ បើធៀបនឹងលទ្ធផលដោះស្រាយក្នុងឆមាសទី១ ឆ្នាំ២០២៥ ខណៈបណ្ដឹងនៅសេសសល់១៨០បណ្ដឹងទៀត អគ្គាធិការដ្ឋានកំពុងបន្តដំណើរការដោះស្រាយតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់បំផុត៕
ដោយ៖ ធី លីថូ
ឆមាសទី១ ឆ្នាំនេះ! អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង៦០០ ដោះស្រាយបានជាង៥០០
KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ






