កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) មានការរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅមួយជូនចំពោះគណៈប្រតិភូជប៉ុន។ ក្នុងឱកាសនោះ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំ កសស បានជួបសម្តែងការគួរសម និងធ្វើការងារផ្ទាល់ជាមួយ លោក ICHIGUCHI Tomohide អគ្គនាយក នៃនាយកដ្ឋានវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ នៃទីស្នាក់ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមការងារ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារ ។
គោលបំណងចម្បងនៃជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ គឺដើម្បីផ្លាស់ប្តូរទស្សនៈ និងយោបល់គ្នាទៅវិញទៅមក លើការជំរុញ និងអភិវឌ្ឍវិស័យឡូជីស្ទីក រួមទាំងវិស័យកំពង់ផែរបស់ប្រទេសកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាយ៉ាងជិតស្និទ្ធក្នុងការស្វែងរកយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យកាន់តែមានប្រសិទ្ធភាព។
លើសពីនេះទៅទៀត កិច្ចប្រជុំក៏បានផ្តោតយ៉ាងស៊ីជម្រៅទៅលើការវាយតម្លៃវឌ្ឍនភាពការងារដែលសម្រេចបានកន្លងមក ព្រមទាំងការពិភាក្សាពីទិសដៅយុទ្ធសាស្ត្រនាពេលអនាគត សម្រាប់ការអភិវឌ្ឍកំពង់ផែ និងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ឱ្យកាន់តែមានភាពទំនើប និងរីកចម្រើនជាលំដាប់៕
ដោយ៖ ប៉ៃ សុឃីម




















