រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ថានភាពទឹកជំនន់នៅខេត្តត្បូងឃ្មុំ៖ អាជ្ញាធរបើកប្រតិបត្តិការជម្លៀសពលរដ្ឋរាប់រយគ្រួសារទៅកាន់ទីទួលសុវត្ថិភាពជាប្រញាប់!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាង ឯកឧត្តមកិត្តិសង្ហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារជំនាញ រួមមាន ឯកឧត្តម អ៊ុ សុខ អនុប្រធាន គ.ជ.គ.ម. និង ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹកជំនន់ផ្ទាល់ដីនៅក្នុងស្រុកត្បូងឃ្មុំ។ ផ្អែកតាមទិន្នន័យបឋម ជំនន់ទឹកភ្លៀងនេះបានវាយប្រហារលើស្រុកចំនួនពីរគឺ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ (សរុប ៧ឃុំ) បង្កផលប៉ះពាល់ដល់ពលរដ្ឋ ៥៩៦គ្រួសារ ខណៈដែលអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋ ៥២៦គ្រួសារ និងសត្វពាហនៈ ៧០២ក្បាល ទៅកាន់ទីទួលសុវត្ថិភាពចំនួន ៥កន្លែង (ទួលឧកញ៉ា អាន ម៉ាឌី, ទួលឧកញ៉ា វ័ន ប៊ុនថៃ, ទួលបេង, ទួលវត្តសុវណ្ណមាលី និងគល់ស្ពានទួលខ្សាច់) ព្រមទាំងបណ្តាលឱ្យខូចខាតដំណាំកសិកម្មមួយចំនួនផងដែរ។

ក្នុងបេសកកម្មត្រួតពិនិត្យនេះ ឯកឧត្តម គីម វីរៈ បានយកចិត្តទុកដាក់ខ្ពស់លើលក្ខខណ្ឌរស់នៅរបស់ជនភៀសសឹកពីគ្រោះធម្មជាតិ ដោយបានប្រគល់ភារកិច្ចជូនលេខាធិការដ្ឋាន គ.ជ.គ.ម. ខេត្ត រដ្ឋបាលស្រុក ឃុំ និងមន្ទីរជំនាញ រៀបចំប្រព័ន្ធទឹកស្អាត ស៊ីទែនទឹក បង្គន់អនាម័យ និងភ្លើងសូឡាបំភ្លឺជាប្រញាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នលើសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសត្រូវតាមដានព័ត៌មានពីអាជ្ញាធរឱ្យបានជាប់លាប់ មាតាបិតាត្រូវមើលថែកូនតូចៗឱ្យបានល្អដាច់ខាតមិនឱ្យចុះលេងទឹកឡើយ ហើយត្រូវប្រកាន់ខ្ជាប់នូវអនាម័យចំណីអាហារ និងទឹកស្អាតដើម្បីចៀសវាងជំងឺរាតត្បាតផ្សេងៗ។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ គ្រោះទឹកជំនន់បានរីករាលដាលដល់ខេត្តចំនួន ៤ រួមមាន ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម ដោយគ្របដណ្តប់លើ ១៤ ក្រុង-ស្រុក និង ៦៨ ឃុំ-សង្កាត់។ ផលប៉ះពាល់សរុប ប្រជាពលរដ្ឋរងគ្រោះ ៥,៣០៤គ្រួសារ (ជម្លៀស ៥៦៨គ្រួសារ) ផ្ទះសម្បែងប៉ះពាល់ ២,៦៨២ខ្នង និងផ្ទៃដីស្រូវរងការខូចខាតប្រមាណ ២,១៨៤ហិកតា។ ចំពោះមុខសភាពការណ៍នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីតាមដាន វាយតម្លៃ និងជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

ដោយ៖ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…