ក្រុមការងារជំនាញមកពីមន្ទីរបរិស្ថានខេត្តព្រះវិហារ ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ WCS និងរដ្ឋបាលស្រុកត្បែងមានជ័យ បានចាប់ផ្តើមយុទ្ធនាការតាមដានយ៉ាងយកចិត្តទុកដាក់លើហ្វូងដំរីព្រៃចំនួន ៦ក្បាល (ក្នុងនោះមានកូនតូចមួយក្បាល) ដែលបានចល័តមកដល់ចំណុចព្រៃកែង ស្រោងស្រឡៅ នៃដែនជម្រកសត្វព្រៃឆែប-ព្រះរកា។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដ្រូន (Drone) អង្កេតពីលើអាកាស អាជ្ញាធររកឃើញថា ហ្វូងដំរីទាំងនោះកំពុងរស់នៅ និងស្វែងរកចំណី នៅចំណុចអូរស្រោងស្រឡៅ មានចម្ងាយប្រហែល ៣គីឡូម៉ែត្រពីតំបន់ប្រជាពលរដ្ឋរស់នៅ។
ទោះបីជាមានសេចក្តីរាយការណ៍ពីការព្រួយបារម្ភ និងការប៉ះពាល់ដំណាំបន្តិចបន្តួចពីអ្នកស្រុកនៅក្នុងតំបន់ក៏ដោយ មន្ត្រីជំនាញបានចុះអប់រំ និងផ្សព្វផ្សាយផ្ទាល់ដល់សហគមន៍ ដើម្បីចៀសវាងជម្លោះ ឬការបរបាញ់សត្វកម្រជិតផុតពូជប្រភេទនេះ។ យោងតាមទិន្នន័យសិក្សាស្រាវជ្រាវ ដែនជម្រកសត្វព្រៃឆែប-ព្រះរការ មានដំរីព្រៃរស់នៅចន្លោះពី ១៥ ទៅ ២០ក្បាល។ ដោយឡែក សម្រាប់ផ្ទៃប្រទេសកម្ពុជាទាំងមូល ក្រសួងបរិស្ថាន និងដៃគូអភិរក្សបានប៉ាន់ប្រមាណថាមានដំរីអាស៊ីរស់នៅតាមតំបន់ការពារធម្មជាតិនានាចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដោយតែងតែប្រទះឃើញមានវត្តមានកូនតូចៗជាច្រើនផងដែរ។
ការបន្តប្រទះឃើញវត្តមានហ្វូងដំរីព្រៃ និងកូនតូចៗជាបន្តបន្ទាប់បែបនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងការពារ ថែរក្សាព្រៃឈើ និងជម្រកធម្មជាតិពីសំណាក់អាជ្ញាធរពាក់ព័ន្ធ។ វត្តមានដំរីអាស៊ីទាំងនេះមិនត្រឹមតែជាសញ្ញាណវិជ្ជមានសម្រាប់អ្នកអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី និងការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់ជាតិសម្រាប់ជំនាន់ក្រោយៗទៀត៕
ដោយ៖ ប៉ៃ សុឃីម










