រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលត្រៀមបើកកិច្ចចរចាត្រីភាគីសម្រាប់ឆ្នាំ២០២៧ ស្របពេលសហជីពបង្ហាញក្ដីបារម្ភចំពោះសម្ពាធសេដ្ឋកិច្ចសកល

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កិច្ចប្រជុំចរចាត្រីភាគីស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូប សម្រាប់ឆ្នាំ២០២៧ អាណត្តិទី៥ លើកទី១ នឹងប្រព្រឹត្តទៅជាផ្លូវការនៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កិច្ចពិភាក្សានេះនឹងមានការចូលរួមពីភាគីតំណាងរាជរដ្ឋាភិបាល តំណាងនិយោជក (ថៅកែរោងចក្រ) និងតំណាងកម្មករនិយោជិត (ថ្នាក់ដឹកនាំសហជីព)។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានវាយតម្លៃជាមុនថា ការដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំនេះប្រហែលជាមិនអាចមានទំហំធំដុំនោះទេ ដោយសារកម្ពុជាកំពុងប្រឈមនឹងកត្តាអវិជ្ជមានទាំងក្នុង និងក្រៅប្រទេសមួយចំនួន៖

វិបត្តិសកល និងភូមិសាស្ត្រនយោបាយ៖ ភាពមិនច្បាស់លាស់នៃសន្តិសុខអន្តរជាតិ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពតានតឹងនៅមជ្ឈិមបូព៌ា (អាមេរិក-អ៊ីរ៉ង់)។

ទីផ្សារ និងការប្រកួតប្រជែង៖ ការធ្លាក់ចុះនៃការបញ្ជាទិញលើផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូប ព្រមទាំងការប្រកួតប្រជែងខ្លាំងជាមួយប្រទេសជិតខាងដូចជា វៀតណាម និងបង់ក្លាដែស ដែលមានផលិតភាពខ្ពស់ និងកម្រិតប្រាក់ឈ្នួលប្រហាក់ប្រហែលឬទាបជាង។

ថ្លៃដើមផលិតកម្ម៖ ការកើនឡើងនៃថ្លៃវត្ថុធាតុដើម ការដឹកជញ្ជូន ថាមពលអគ្គិសនី និងបន្ទុកបន្ថែមលើប្រាក់ឧបត្ថម្ភការធ្វើដំណើរ/ថ្លៃសាំង ២,៥ ដុល្លារ។

កត្តាព្រំដែន និងស្ថិរភាពវិនិយោគ៖ បញ្ហាព្រំដែនកម្ពុជា-ថៃ និងលំហូរពលករត្រឡប់មកវិញ ដែលទាមទារឱ្យរក្សាការទាក់ទាញវិនិយោគិន ដើម្បីធានាឱ្យមានការងារធ្វើគ្រប់គ្រាន់ ជៀសវាងការដំឡើងប្រាក់ឈ្នួលខ្ពស់ហួសហេតុរហូតបាត់បង់ការងារ។

លោកប្រធានសម្ព័ន្ធសហជីពជាតិបានសង្កត់ធ្ងន់លើទិសដៅរួម ដើម្បីផលប្រយោជន៍យូរអង្វែងរបស់កម្មករនិយោជិត៖

ដំឡើងក្នុងកម្រិតសមរម្យ៖ កំណត់ប្រាក់ឈ្នួលដែលនិយោជកអាចទទួលយកបាន ដើម្បីរក្សាស្ថិរភាពការងារ និងទំនុកចិត្តអ្នកវិនិយោគ។

ទប់ស្កាត់ការបង្ខំកម្លាំងពលកម្ម៖ ក្រសួងគួរមានវិធានការទប់ស្កាត់ការកំណត់កូតាការងារហួសកម្លាំង។

ការគោរពសិទ្ធិការងារ៖ លើកកម្ពស់ការគោរពសិទ្ធិសេរីភាពនៅកន្លែងធ្វើការ។

បញ្ឈប់ការរើសអើងសហជីព៖ សម្រួលដល់ដំណើរការចុះបញ្ជី និងលុបបំបាត់ការរើសអើងសហជីព។

ពង្រឹងការអនុវត្តច្បាប់៖ ម្ចាស់រោងចក្រ-សហគ្រាសត្រូវគោរពច្បាប់ស្ដីពីការងារឱ្យបានម៉ឺងម៉ាត់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…