(កោះកុង)៖ ស្ថាប័នតុលាការនៃសាលាដំបូងខេត្តកោះកុង បានសម្រេចចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតលើជនបរទេសសរុបចំនួន ១១៦នាក់ (ជនជាតិចិន ១១៥នាក់ និងមីយ៉ាន់ម៉ា ១នាក់) ក្រោយកម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ធំមួយ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ក្នុងតំបន់តារាសាគរ។ ក្នុងចំណាត់ការនេះ ជនសង្ស័យចំនួន ១១៤នាក់ ត្រូវបានចោទប្រកាន់ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» តាមមាត្រា ៥ ខណៈមេក្លោង ២នាក់ទៀត ដែលធ្លាប់ប៉ុនប៉ងរត់គេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ «រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» តាមមាត្រា ៦ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្ដែងកន្លងទៅ អាជ្ញាធរបានរឹបអូសសម្ភារ និងវត្ថុតាងបម្រើឱ្យសកម្មភាពឆបោកជាច្រើនសន្ធឹកសន្ធាប់ រួមមាន៖ ទូរស័ព្ទដៃចំនួន ២៦៧គ្រឿង, អេក្រង់កុំព្យូទ័រ (MONITOR) ១៩៧គ្រឿង, ដុំWIFI ៣០គ្រឿង, កុំព្យូទ័រយួរដៃ (LAPTOP) ១៨គ្រឿង, កុំព្យូទ័រ CPU ១៧គ្រឿង ព្រមទាំងឧបករណ៍អេឡិចត្រូនិក និងសម្ភារប្រើប្រាស់ជាច្រើនមុខផ្សេងទៀត។ ក្រោយដំណើរការនីតិវិធីនៃការបង្ហាញខ្លួនលើកដំបូង ការដេញដោល និងការត្រួតពិនិត្យភស្តុតាងយ៉ាងហ្មត់ចត់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង បានសម្រេចឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីសាកសួរ និងស៊ើបសួរស្រាវជ្រាវបន្ថែមទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ជុំវិញសំណុំរឿងក្តៅគគុកនេះ ក្រៅពីការឃាត់ខ្លួនជនបរទេសជាច្រើននាក់ ក៏បានឈានដល់ការចាប់ខ្លួនមន្ត្រីនគរបាលខេត្តកោះកុងចំនួន ៣នាក់ និងអ្នកបកប្រែម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងការជួយសម្របសម្រួល និងបង្កលក្ខណៈឱ្យមេក្លោងជនជាតិចិនចំនួន ២នាក់ លួចរត់គេចចេញពីកន្លែងឃុំខ្លួនបណ្ដោះអាសន្ន មុនពេលសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនត្រឡប់មកវិញ។ ការចាត់វិធានការច្បាប់យ៉ាងក្តៅគគុក និងម៉ត់ចត់ពីសំណាក់សាលាដំបូងខេត្តកោះកុង គឺធ្វើឡើងក្នុងគោលដៅធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំជូនប្រជាពលរដ្ឋ៕
ដោយ៖ រ៉ាយ ស្រីពី












