(កែប)៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅខេត្តកែប និងតំបន់ក្បែរខាង កំពុងទទួលបានឱកាសចាប់យកជំនាញវិជ្ជាជីវៈច្បាស់លាស់ ដោយឥតគិតថ្លៃ តាមរយៈការផ្ដល់អាហារូបករណ៍សរុប ១,០១០កន្លែង ពីសំណាក់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែប (KPTC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កម្មវិធីនេះស្ថិតក្រោមគម្រោងថ្នាក់ជាតិបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ (TVET 1.5M) របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ដែលក្រៅពីផ្ដល់ចំណេះដឹង និងបច្ចេកទេសជាក់ស្ដែងសិក្ខាកាមគោលដៅទាំងអស់ក៏ទទួលបានប្រាក់ឧបត្ថម្ភគាំទ្រជីវភាពប្រចាំខែផងដែរ។
សម្រាប់វគ្គបណ្ដុះបណ្ដាលនេះផ្ដោតលើមុខជំនាញទីផ្សារការងារកំពុងត្រូវការសរុបចំនួន ១១ មុខវិជ្ជា រួមមាន៖ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអាគារ, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការងារកំបោរ, សេវាកម្មកុំព្យូទ័រ, សេវាកម្មសម្អាងកាយ, សេវាកម្មកាត់សក់បុរស, ការកែច្នៃបន្លែ និងផ្លែឈើ, ការផលិតនំ, ការធ្វើម្ហូបខ្មែរ ព្រមទាំងសេវាកម្មអាហារនិងធុរកិច្ចភេសជ្ជៈ។ តាមរបាយការណ៍វឌ្ឍនភាព គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦មជ្ឈមណ្ឌលបានបណ្តុះបណ្តាលយុវជន និងពលរដ្ឋសរុប ១,១៩៧នាក់រួចមកហើយ ក្នុងនោះមានយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យរហូតដល់ ៨១៨នាក់។
ការចុះឈ្មោះសម្រាប់វគ្គសិក្សាថ្មីនេះ ត្រូវបានបើកទទួលជាបន្តបន្ទាប់ចាប់ពីពេលនេះតទៅ។ សិស្ស-និស្សិត និងយុវជនដែលមានចំណាប់អារម្មណ៍
អាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈទូរសព្ទលេខ ០៩៧ ៧៧៤ ៧១៧៩ / ០១៦ ៧០៨ ២៦៩ / ០៩៧ ៩៧១ ៩១៦៨ ឬអញ្ជើញទៅដាក់ពាក្យដោយផ្ទាល់នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែប ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ ៣៣A ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប (ជាប់របងអនុវិទ្យាល័យសង្គមរាស្ត្រនិយម) ដើម្បីកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ៕
អត្ថបទដោយ៖ ស្រីពី













