រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា បង្ហាញស្ថានការណ៍ព្រំដែនជូនអនុព័ន្ធយោធា ២២រូប មកពី១៨ប្រទេស និងស្នើឱ្យថៃចាត់ បញ្ជូនក្រុមវាស់វែង់ចម្រុះ ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្ដែង

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំធ្វើបទបង្ហាញជូនក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ចំនួន២២រូប មកពី១៨ប្រទេស ស្តីពីបច្ចុប្បន្នភាព និងស្ថានការណ៍ចុងក្រោយតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំនេះបានផ្តល់ព័ត៌មានអំពីការវិវត្តន៍នៃស្ថានការណ៍ចាប់ពីមុនការប៉ះទង្គិចប្រដាប់អាវុធ រហូតដល់បទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន។

ក្នុងបទបង្ហាញនេះ តំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានលើកឡើងពីការងារបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ និងលេខ៤២ ដល់៤៧ ក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងការជំរុញឱ្យមានកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) និងស្នើឱ្យភាគីថៃបញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តការងារជាក់ស្តែងលើដី។ ជាមួយគ្នានេះ ក្រុមអ្នកសម្របសម្រួល (CLG) ក៏បានបង្ហាញពីការសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានភាពតាមព្រំដែន ស្របតាមកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានសង្កត់ធ្ងន់ថា ទោះបីភាគីទាំងពីរមានបទឈប់បាញ់ និងយន្តការដោះស្រាយបញ្ហាព្រំដែនក៏ដោយ ស្ថានការណ៍ជាក់ស្តែងនៅតែប្រឈមនឹងបញ្ហាមួយចំនួន ដូចជា ការចល័តកងទ័ព ការរាយបន្លាលួស ការដាក់កុងតឺន័រ និងការសាងសង់សំណង់រឹង ដែលប៉ះពាល់ដល់ស្ថានភាពជាក់ស្តែងលើដី និងរារាំងដល់ការវិលត្រឡប់របស់ប្រជាជនកម្ពុជាទៅកាន់លំនៅឋានរបស់ខ្លួន។ បញ្ហាទាំងនេះនៅតែជាបញ្ហាប្រឈម និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…