រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កុមារមិនគួរត្រូវរៀនរស់នៅជាជនភៀសសឹកទេ! តើពេលណាទើបកុមារជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅផ្ទះនិងសាលារៀនរបស់ពួកគេបាន?

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ជំនួយមនុស្សធម៌អាចសម្រាលការឈឺចាប់ ប៉ុន្តែមិនអាចជំនួសផ្ទះ សាលារៀន និងសិទ្ធិរបស់កុមារក្នុងការវិលត្រឡប់ទៅរកជីវិតធម្មតាបានវិញឡើយ។ រូបភាពកុមារជនភៀសសឹកកម្ពុជាទទួលអាហារពេលព្រឹក និងបន្តការសិក្សាក្នុងលក្ខខណ្ឌបណ្តោះអាសន្ន នៅខេត្តព្រះវិហារ គួរនាំឱ្យយើងសួរសំណួរលើសពីរឿងអាហារមួយពេល៖ «ហេតុអ្វីបានជាកុមារទាំងនេះនៅតែជាជនភៀសសឹក? ហេតុអ្វីពួកគេមិនទាន់អាចត្រឡប់ទៅផ្ទះ ភូមិ និងសាលារៀនរបស់ពួកគេវិញ?

ឯកឧត្តម នេត្រ ភក្រ្តា លើកឡើងបែបនេះលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ឃ្យុងណាន់ ផាក នាយិកាប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ទៅកាន់តំបន់ជនភៀសសឹកក្នុងខេត្តព្រះវិហារ បានបង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌នៃជម្លោះព្រំដែនមិនទាន់បញ្ចប់នៅឡើយទេ។ WFP កំពុងជួយផ្តល់អាហារពេលព្រឹក ដើម្បីឱ្យកុមារមានអាហារូបត្ថម្ភ អាចបន្តការសិក្សា និងរក្សាភាពធម្មតាមួយផ្នែកក្នុងជីវិតដែលត្រូវបានរំខាន។

ក្នុងនាមពលរដ្ឋកម្ពុជា សូមកោតសរសើរ WFP និងថ្លែងអំណរគុណចំពោះប្រជាជនជប៉ុន និងដៃគូទាំងអស់ដែលកំពុងជួយកុមារ និងគ្រួសារដែលរងផលប៉ះពាល់។ ប៉ុន្តែ ជំនួយមនុស្សធម៌គឺជាការសម្រាលផលវិបាក មិនមែនជាដំណោះស្រាយចំពោះមូលហេតុដែលធ្វើឱ្យពួកគេនៅតែមិនអាចវិលត្រឡប់ទៅផ្ទះបាននោះទេ។

កុមារ ៦,០៦៦ នាក់ គឺមិនមែនគ្រាន់តែជាតួលេខទេក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាដែលនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញ មាន កុមារចំនួន ៦,០៦៦ នាក់។ នៅពីក្រោយតួលេខនេះ គឺជាកុមារដែលបាត់បង់ជីវិតប្រចាំថ្ងៃធម្មតា៖ ផ្ទះរបស់ពួកគេ សាលារៀនរបស់ពួកគេ មិត្តភក្តិ សហគមន៍ និងអារម្មណ៍សុវត្ថិភាពដែលកុមារគ្រប់រូបគួរតែទទួលបាន។ កុមារាទាំងនេះកំពុងជាអ្នកបង់ថ្លៃចំពោះផលវិបាកនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។

សាលាបណ្តោះអាសន្នអាចជួយកុំឱ្យការសិក្សារបស់ពួកគេដាច់។ អាហារពេលព្រឹកអាចជួយឱ្យពួកគេមានកម្លាំងចូលរៀន។ ប៉ុន្តែ «បណ្តោះអាសន្ន» មិនគួរក្លាយជា «អចិន្ត្រៃយ៍» សម្រាប់កុមារទាំងនេះឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងទាមទារឱ្យថៃត្រូវគោរពឱ្យបានជាដាច់ខាតនូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រការ ៤ អនុញ្ញាតឱ្យជនភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាព។

បន្លាលួសមិនត្រឹមតែបិទយកដីកម្ពុជាទេ វាបិទផ្លូវកុមារទៅផ្ទះ និងសាលារៀនរបស់ពួកគេ កម្ពុជាបានលើកឡើងជាបន្តបន្ទាប់អំពីការដាក់របាំង និងបន្លាលួស ការរារាំងការចូលទៅកាន់តំបន់លំនៅឋាន ការខូចខាត និងការកម្ទេចផ្ទះសម្បែង ព្រមទាំងវត្តមានរបស់កងកម្លាំងយោធាថៃខុសច្បាប់នៅលើទឹកដីកម្ពុជា។ បញ្ហានេះមិនមែនគ្រាន់តែជាសំណួរអំពីទឹកដីតែមួយទេ។ ប៉ុន្តែនៅពីក្រោយបន្លាលួស មានផ្ទះដែលប្រជាពលរដ្ឋចង់វិលត្រឡប់ទៅរស់នៅ។ មានសាលារៀនដែលកុមារចង់វិលត្រឡប់ទៅរៀន។ មានស្រែចម្ការដែលគ្រួសារត្រូវការសម្រាប់ជីវភាព និងមានសហគមន៍ដែលត្រូវបានបំបែកចេញពីជីវិតធម្មតារបស់ខ្លួន។

នៅពេលសកម្មភាពរបស់ភាគីណាមួយរារាំងប្រជាពលរដ្ឋពីការវិលត្រឡប់ទៅលំនៅឋាន និងធ្វើឱ្យកុមារបន្តរស់នៅក្នុងស្ថានភាពភៀសសឹក ផលវិបាកនោះមាន វិមាត្រសិទ្ធិមនុស្ស និងសិទ្ធិកុមារ ដែលមិនអាចមើលរំលងបាន។ការកាន់កាប់ដោយកម្លាំងមិនអាចបង្កើតអធិបតេយ្យភាពបាន ហើយបន្លាលួស របាំង ឬហេដ្ឋារចនាសម្ព័ន្ធថ្មី ក៏មិនអាចក្លាយជាខ្សែព្រំដែនថ្មីបានដែរ។ ព្រំដែនត្រូវកំណត់ដោយច្បាប់ និងយន្តការដែលបានឯកភាព មិនមែនដោយកម្លាំង ឬការបង្កើតស្ថានភាពថ្មីលើដី។

បទឈប់បាញ់មិនមែនមានន័យត្រឹមតែកាំភ្លើងស្ងប់ប្រសិនបើមានការអះអាងថា បទឈប់បាញ់កំពុងត្រូវបានគោរព នោះយើងត្រូវសួរបន្ថែមថា «តើប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះបានហើយឬនៅ? តើកុមារអាចវិលត្រឡប់ទៅសាលារៀនរបស់ពួកគេបានហើយឬនៅ?»

បទឈប់បាញ់មិនគួរត្រូវបានវាស់ត្រឹមការមិនបាញ់កាំភ្លើង។ វាត្រូវមានន័យថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនធ្វើសកម្មភាពដែលរារាំងការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ បទឈប់បាញ់ដែលកាំភ្លើងស្ងប់ ប៉ុន្តែកុមារនៅតែមិនអាចត្រឡប់ទៅផ្ទះ មិនទាន់ជាសន្តិភាពពេញលេញទេ។ ដូច្នេះ រូបភាពដែល WFP និងដៃគូកំពុងជួយកុមារជនភៀសសឹក មិនគួរត្រូវបានមើលឃើញត្រឹមជារឿងជំនួយមនុស្សធម៌ទេ។ វាគួរជំរុញឱ្យសហគមន៍អន្តរជាតិសួរសំណួរដ៏សំខាន់ជាងនេះ៖

ហេតុអ្វីបានជាកុមារទាំងនេះនៅតែជាជនភៀសសឹក? តើអ្វីកំពុងរារាំងពួកគេមិនឱ្យវិលត្រឡប់ទៅផ្ទះ? ហើយតើពេលណាទើបពួកគេអាចចាកចេញពីសាលាបណ្តោះអាសន្ន និងវិលត្រឡប់ទៅអង្គុយក្នុងថ្នាក់រៀនរបស់ពួកគេវិញ?

WFP អាចជួយឱ្យពួកគេមានអាហារ។ សាលាបណ្តោះអាសន្នអាចជួយឱ្យពួកគេបន្តរៀន។ ដៃគូអន្តរជាតិអាចជួយរក្សាក្តីសង្ឃឹម។ ប៉ុន្តែអ្វីដែលកុមារទាំងនេះត្រូវការបំផុត មិនមែនជាជីវិតជនភៀសសឹកដែលប្រសើរជាងមុនទេ។ ពួកគេត្រូវការផ្ទះរបស់ពួកគេវិញ សាលារៀនរបស់ពួកគេវិញ និងសិទ្ធិរស់នៅដោយសុវត្ថិភាពក្នុងសហគមន៍របស់ពួកគេវិញ។ កុមារ ៦,០៦៦ នាក់កំពុងរង់ចាំថ្ងៃវិលត្រឡប់ទៅផ្ទះ។ ពិភពលោកមិនគួរត្រឹមសួរថា តើយើងអាចជួយពួកគេបានយ៉ាងដូចម្តេចទេត្រូវសួរផងដែរថា ហេតុអ្វីពួកគេមិនទាន់អាចទៅផ្ទះបាន។

ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា សន្តិភាពពិតប្រាកដមិនមែនត្រឹមតែកាំភ្លើងស្ងប់ទេ។ សន្តិភាពគឺនៅពេលឧបសគ្គលើដីលែងរារាំងផ្លូវទៅផ្ទះ នៅពេលគ្រួសារអាចវិលត្រឡប់ដោយសុវត្ថិភាព និងនៅពេលកុមារ ៦,០៦៦ នាក់លែងត្រូវរស់នៅជាជនភៀសសឹក ហើយអាចវិលទៅផ្ទះ និងសាលារៀនរបស់ពួកគេវិញ»។ ប៉ុន្តែកុមារជាង ៦០០០ និងស្រ្តីជាង ៩០០០ នាក់នៅតែមិនអាចត្រឡប់ផ្ទះរបស់ពួកគេបានដោយសារតែការឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃ ដែលកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក្រោយបទឈប់បាញ់ និងរកលេសសព្វបែបយ៉ាងដើម្បីគេចចេញពីកាតព្វកិច្ច និងកិច្ចព្រមព្រៀងដែលខ្លួនបានឯកភាព៕ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…