រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជួយសង្គ្រោះអាជីវករចាញ់បោកអតីតឧកញ៉ា នួន អក! ឯកឧត្តម គួច ចំរើន អន្តរាគមន៍ឱ្យបន្តលក់ដូរ ១ ឆ្នាំទៀតដោយមិនបាច់បារម្ភ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ដំណោះស្រាយក្ដៅៗបានធ្លាក់មកដល់ហើយសម្រាប់ក្រុមអាជីវករដែលរងគ្រោះដោយសារការចាញ់បោកអតីតឧកញ៉ា នួន អក រឿងជួលតូបលក់ដូរនៅទីតាំងដីកណ្ដាលក្រុងតាខ្មៅ។ រដ្ឋបាលខេត្តកណ្ដាល ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម គួច ចំរើន បានចេញមុខសម្របសម្រួលជាមួយម្ចាស់ដី ដើម្បីបើកផ្លូវឱ្យបងប្អូនអាជីវករអាចបន្តមុខរបរចិញ្ចឹមជីវិតនៅទីតាំងដដែលនេះរហូតដល់ខែកញ្ញា ឆ្នាំ២០២៧។

ថ្លែងក្នុងជំនួបផ្ទាល់ជាមួយក្រុមអាជីវករ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន បានថ្លែងពាក្យធានា និងលួងលោមចិត្តបងប្អូនប្រជាពលរដ្ឋកុំឱ្យមានការភ័យខ្លាច ឬព្រួយបារម្ភពីការបាត់បង់កន្លែងរកស៊ីបន្តទៀតឡើយ។ អាជ្ញាធរខេត្ត និងក្រុងតាខ្មៅកំពុងខ្នះខ្នែងដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់ ដើម្បីការពារផលប្រយោជន៍ និងស្ថិរភាពជីវភាពរបស់ពលរដ្ឋជាចម្បង។

ទន្ទឹមនឹងការផ្តល់ដំណោះស្រាយបណ្តោះអាសន្នរយៈពេល ១ ឆ្នាំនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចេញនូវចំណាត់ការច្បាស់លាស់មួយចំនួន ដើម្បីធានាតម្លាភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះពិតប្រាកដ៖

អាជីវករទាំងអស់ត្រូវរៀបចំឯកសារពាក់ព័ន្ធដែលធ្លាប់បានធ្វើជាមួយលោក នួន អក ដូចជា កិច្ចសន្យាជួល វិក្កយបត្រ ឬបង្កាន់ដៃបង់ប្រាក់នានា យកមកប្រគល់ជូនអាជ្ញាធរក្រុងតាខ្មៅ។

អាជ្ញាធរនឹងធ្វើការពិនិត្យស្ថានភាពបង់ប្រាក់ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះ ដើម្បីកំណត់អត្តសញ្ញាណអាជីវករពិតប្រាកដឱ្យបានច្បាស់លាស់។

ទប់ស្កាត់ការឆ្លៀតឱកាស វិធានការពិនិត្យឯកសារនេះ ធ្វើឡើងក្នុងគោលបំណងកាត់ផ្តាច់រាល់ការក្លែងបន្លំឯកសារ ឬការឆ្លៀតឱកាសកេងចំណេញពីសំណាក់ជនខិលខូចមួយចំនួន។

ចំណាត់ការដ៏រហ័សនេះ មិនត្រឹមតែជួយស្រោចស្រង់ដង្ហើមសេដ្ឋកិច្ចរបស់អាជីវកររាប់សិបគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តកណ្ដាលក្នុងការដោះស្រាយវិបត្តិរបស់ប្រជាពលរដ្ឋឱ្យចំគោលដៅផងដែរ៕ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…