រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បញ្ជូនពលរដ្ឋថៃ ១១នាក់ ត្រឡប់ទៅស្រុកកំណើត និងទទួលយកពលរដ្ឋខ្មែរ ៣២នាក់ ត្រឡប់មកមាតុភូមិវិញ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សមត្ថកិច្ចកម្ពុជា និងថៃ បានសហការអនុវត្តនីតិវិធីប្រគល់ទទួលពលរដ្ឋខុសច្បាប់នៃប្រទេសទាំងពីរ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមច្បាប់អន្តោប្រវេសន៍។ ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងមានការចូលរួមសម្របសម្រួលពីស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ។

ក្នុងកិច្ចសហការនេះ កម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប និងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ បានសហការជាមួយភាគីថៃ តំណាងដោយលោកស្រី អនុសេនីយ៍ឯក Prapharat Pinpradub ព្រមទាំងអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ។ ជាលទ្ធផល សមត្ថកិច្ចកម្ពុជាបានបញ្ជូនពលរដ្ឋថៃ ១១នាក់ ក្នុងនោះស្រី ៥នាក់ ដែលបានអនុវត្តទោសចប់រាល់បទល្មើសលួចស្នាក់នៅខុសច្បាប់ ឱ្យត្រឡប់ទៅប្រទេសថៃវិញ ខណៈភាគីថៃបានប្រគល់ពលរដ្ឋខ្មែរ ៣២នាក់ ក្នុងនោះស្រី ៧នាក់ និងកុមារ ៣នាក់ មកកម្ពុជាវិញ។

ក្រោយទទួលពលរដ្ឋខ្មែរ សមត្ថកិច្ចបានផ្តល់អាហារសម្រន់ និងរៀបចំបំពេញបែបបទសម្រង់សាវតា មុនដឹកជញ្ជូនពួកគេទៅកាន់មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីបន្តនីតិវិធី។ ការប្រគល់ទទួលនេះត្រូវបានអនុវត្តតាមដំណើរការសហការរវាងសមត្ថកិច្ចកម្ពុជា និងថៃ ដើម្បីធានាឱ្យការដោះស្រាយករណីពលរដ្ឋដែលស្នាក់នៅខុសច្បាប់ ប្រព្រឹត្តទៅស្របតាមច្បាប់ និងនីតិវិធីដែលមានជាធរមាន។ដោយ៖សុភ័ក្រ្ត  

មតិយោបល់

កំពុងផ្ទុកមតិយោបល់…