រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ផ្លូវ៣ខ្សែក្នុងខេត្តឧត្តរមានជ័យរងការខូចខាតដោយគ្រាប់ផ្លោងកាំភ្លើងធំរបស់ថៃ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ផ្លូវជាតិលេខ៥៨  លេខ៦៨ និងផ្លូវខេត្តលេខ២៥៦៧ បានរងការខូចខាតដោយគ្រាប់ផ្លោងកាំភ្លើងធំ និងអាវុធធុនធ្ងន់របស់ទាហានថៃ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រោយបទឈប់បាញ់កម្ពុជា-ថៃ រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៩-៣០ ខែកក្កដា ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានចុះពិនិត្យផ្លូវលម្អិតក្នុងខេត្ត និងស្រុកជាប់ព្រំដែនដែលរងការខូចខាត។ ក្រោយការពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST ក្នុងភូមិសាស្ត្រ ស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ មន្រ្តីជំនាញរកឃើញផ្លូវជាតិលេខ៥៨÷ (ពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ-វង្វង់មូលផ្អុង ក្រុងសំរោង) រងការខូចខាតដោយសារករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចន្លោះគ.ម ១១៨+៥០០ ដល់ គ.ម១៦៣+៣០០ សរុបផ្ទៃកៅស៊ូ ៤៩,៤០ម៉ែត្រការ៉េ សរុបជើងទេ ១០ម៉ែត្រ និងសរុបធ្លុះបេតុងស្ពាន ២ម៉ែត្រការ៉េ។

ចំណែកផ្លូវជាតិលេខ៦៨÷ (ព្រំប្រទល់សៀមរាប-អូរស្មាច់) មានករណីគ្រាប់កាំភ្លើងធំផ្លោង ចន្លោះ គ.ម ៩០+០០០ ដល់ គ.ម១០៤+០០០ សរុបផ្ទៃកៅស៊ូ ៣៦ម៉ែត្រការ៉េ និងផ្លូវខេត្តលេខ២៥៦៧÷ (គោកមន-ប្រាសាទតាមាន់) មានករណីគ្រាប់កាំភ្លើងធំផ្លោង ៧ករណីចន្លោះគ.ម ១៥+០០០ ដល់ គ.ម២២+០០០ សរុប ផ្ទៃកៅស៊ូ ១៥០,៦០ម៉ែត្រការ៉េ, សរុប ចិញ្ជើម ១.០០ម៉ែត្រ និងសរុប បេតុងលូ ២.០០ម៉ែត្រគីប

ឯកឧត្តមអ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់ថា ក្នុងចំណោមកំណាត់ផ្លូវដែលបានត្រួតពិនិត្យ មានតែផ្លូវជាតិលេខ ៥៨ (ផ្លូវក្រវាត់ទី១) ផ្លូវជាតិលេខ៦៨ និងផ្លូវខេត្តលេខ ២៥៦៧(គោកមន- ប្រាសាទតាមាន់)ប៉ុណ្ណោះ ដែលរងការខូចខាតដោយសារគ្រាប់កាំភ្លើងធំធ្លាក់ចំ។ ចំណែកផ្លូវជាតិលេខ៥៦ អាចចរាចរណ៍បានធម្មតា។ 

ជារួមស្ថានភាពផ្លូវក្នុងស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺនៅមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរបានធម្មតានៅលើកំណាត់ផ្លូវជាតិលេខ៥៦ លើកលែងតែកំណាត់ផ្លូវមួយចំនួនប៉ុណ្ណោះដែលត្រូវការជួសជុលដោយសារការខូចខាតខាងលើ។ អ្នកនាំពាក្យរូបនេះ បានអំពាវនាវប្រជាពលរដ្ឋធ្វើដំណើរដោយប្រុងប្រយ័ត្នលើកំណាត់ផ្លូវដែលរងការខូចខាត ជាពិសេសនៅពេលយប់ ចៀសវាងកើតឡើងគ្រោះថ្នាក់ជាយថាហេតុ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…