រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលាបានបើកឱ្យដំណើរការសម្រាប់ភ្ញៀវទេសចរ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានអញ្ជើញជាអធិបតីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ 

ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាដែលធ្លាប់តែរងការខូចខាត គឺបានជួសជុលរួចរាល់ជាស្ថាពរហើយក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា។

លោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាថា គម្រោងជួសជុលនេះ គឺជាកិច្ចសហការរវាងក្រុមចិននិងកម្ពុជា ដើម្បីបន្តដំណើរការនៃការអភិរក្ស និងការជួសជុលប្រាសាទបុរាណឡើងវិញ។ 

លោកបន្តថា រដ្ឋាភិបាលចិនមិនបញ្ចប់ជំនួយតែត្រឹមការជួសជុលស្ពានហាលផ្នែកខាងកើតរបស់ប្រាសាទបេងមាលាប៉ុណ្ណោះទេ គឺរដ្ឋាភិបាលចិនបានអនុម័តលើគម្រោងឧបត្ថម្ភដំណាក់កាលទី២រួចហើយ ដើម្បីបន្តគាំទ្រដល់ការអភិរក្ស និងការស្តារឡើងវិញនៅប្រាសាទបេងមាលាទាំងមូលបន្ថែមទៀត។

ចំណែកឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ជួយជួសជុលប្រាសាទបេងមាលា។ ឯកឧត្តមបន្ថែមថា ជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលចិនមិនត្រឹមតែយកចិត្តទុកដាក់ជួយជួសជុលប្រាសាទបេងមាលាប៉ុណ្ណោះទេ គឺបានទាំងជួយជួសជុលប្រាសាទបុរាណខ្មែរជាច្រើន នៅតំបន់អង្គរ ដូចជាប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ និងបច្ចុប្បន្នកំពុងជួសជុលនៅប្រាសាទភិមានអាកាសជាដើម។

ឯកឧត្តម ហង់ ពៅ បញ្ជាក់ទៀតថា ការណ៍ដែលរដ្ឋាភិបាលចិនយកចិត្តទុកដាក់ ព្រមទាំងចំណាយថវិកាជួយជួសជុលប្រាសាទខ្មែរជាច្រើននេះ បានបង្ហាញឱ្យពិភពលោកឃើញថា ចិនបានឱ្យតម្លៃដល់បេតិកភណ្ឌវប្បធម៌ ដែលជាសម្បត្តិវប្បធម៌របស់មនុស្សជាតិយ៉ាងខ្លាំង ដែលខុសពីមនុស្សអគតិមួយចំនួនដូចជា កងទ័ពថៃដែលបានបំផ្លាញសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ជាប្រាសាទបុរាណនៅតាមព្រំដែនកម្ពុជា-ថៃ មានប្រាសាទព្រះវិហារជាដើម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…