(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តព្រះសីហនុទទួលបានផលិតផលក្នុងស្រុកសរុប(GDP) ចំនួនប្រមាណ ១.៦១៧លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ចំនួន ៤.៦០២ដុល្លារអាមេរិក មានអត្រាកំណើនសេដ្ឋកិច្ច ៦% ដោយបានកាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម ១,២២ភាគរយ នៅឆ្នាំ២០២៣។
នាឱកាស ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ដើម្បីពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម វិស័យភស្តុភារកម្ម វិស័យទេសចរណ៍ និងមជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» និងការសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» រហូតដល់ដំណាច់ឆ្នាំ២០២៥។ វិសាលភាពនៃកម្មវិធីពិសេស រួមមាន៖
១.គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ២.គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ៣.ការពង្រីកគម្រោង វិនិយោគ និងធុរកិច្ច ៤.គម្រោងដែលមានស្រាប់។ ចំពោះការលើក ទឹកចិត្តក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នឹង ទទួលបានអត្ថប្រយោជន៍ និងការលើកទឹកចិត្តផ្សេងៗ ដូចជា៖ ការ លើកទឹកចិត្តផ្នែកពន្ធ (ពន្ធដារ និងពន្ធគយ) និងការលើកទឹកចិត្តមិនមែនពន្ធ (សម្របសម្រួលនីតិវិធីវិនិយោគនិងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណផ្សេងៗ)។
ជាលទ្ធផលក្រុមការងារពិសេសជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣៨០គម្រោង ក្នុងនោះគម្រោងដែលទទួលបាន«លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ៣៥៨ គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៧ពាន់លានដុល្លារអាមេរិក។ អនុគណៈកម្មាធិការវិនិយោគខេត្តបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានចំនួន ១៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៧លានដុល្លារអាមេរិក (ក្នុងនោះឆ្នាំ២០២៥នេះ មានចំនួន ៦គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ២១លានដុល្លារអាមេរិក)។
គួររំលេចដែរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាតំបន់ឧស្សាហកម្មចម្រុះ ដែលមានសហគ្រាសផលិតផលិតផល និងបង្កើនការងាររាប់ម៉ឺនកន្លែង៕
ដោយ៖ ចិន្តា ទីទិ









