ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹកដែលរងគ្រោះដោយសារជម្លោះព្រំដែនរវាងកម្ពុជានិងថៃ នៅខេត្តព្រះវិហារ មហាមិត្តចិន បានផ្តល់ជំនួយជាសាច់ប្រាក់១០ម៉ឺនដុល្លារអាមេរិកដល់រដ្ឋបាលខេត្តព្រះវិហារ ជាមួយនឹងក្តីសង្ឃឹមថា ពលរដ្ឋជាជនភៀសសឹកកម្ពុជានឹងបានវិលត្រឡប់ទៅរកផ្ទះសម្តែងរបស់ខ្លួនវិញក្នុងពេលឆាប់ៗនេះ។ ការប្រគល់និងទទួលធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញានេះក្រោមវត្តមានឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ ឯកអគ្គរដ្ឋទូតចិនបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការថា ជីវិតរបស់ប្រជាជននៅតំបន់ព្រំដែននឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗនេះ ហើយមហាមិត្តចិននឹងបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលបំណងនេះ។
ដោយឡែក កាលពីដើមខែសីហាកន្លងទៅ មហាមិត្តចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយ១០ម៉ឺនដុល្លារជូនដល់ពលរដ្ឋដែលស្នាក់នៅទីតាំងជំរុំជនភៀសសឹក នៅវត្តភ្នំថ្មកំបោរ ស្ថិតក្នុងស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំឣជីវភាពរស់នៅ បន្ទាប់ពីឯកឧត្តមទូតចិនចុះទៅពិនិត្យទីតាំងរងការខូចខាត និងជំរុំជនភៀសសឹក ដោយសារជម្លោះព្រំដែនរយៈពេល៥ថ្ងៃ។ ចំណែកកាលពីដើមខែកញ្ញានេះ ក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅប្រទេសចិន មហាមិត្តដែកថែបចិន បានប្រកាសផ្ដល់ជំនួយជាថវិកាប្រមាណ៣លានដុល្លារដល់កម្ពុជា ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារបញ្ហាសង្គ្រាមនៅព្រំដែន ហើយកំពុងរស់នៅក្នុងជំរុំជនភៀសខ្លួន ពិសេសការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយគ្រាប់ផ្លោងរបស់យោធាសៀម៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត















