ពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោជ័យ រងការគំរាមកំហែងដោយការប្រើច្បាប់ក្នុងស្រុកថៃពីសំណាក់អាជ្ញាធរសៀម។ កាលពីថ្ងៃទី២៨ ខែកញ្ញា អាជ្ញាធរខេត្តស្រះកែវ បានលើកបដាដោយមានខ្លឹមសារស្តីពីការអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ ជុំវិញករណីនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានតវ៉ាប្រឆាំងនឹងសកម្មភាពដដែលៗរបស់អាជ្ញាធរសៀមដែរ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អះអាងថា សកម្មភាពដដែលៗរបស់អាជ្ញាធរសៀម បានគំរាមកំហែងធ្ងន់ធ្ងរលើសិទ្ធិរស់នៅនិងអាស្រ័យផលរបស់ប្រជាពលរដ្ឋកម្ពុជាដែលបានរស់នៅក្នុងភូមិទាំងពីរតាំងពីយូរយារណាស់មកហើយ ពោលគឺមុន MOU ឆ្នាំ២០០០ ចូលជាធរមានទៅទៀត។
យ៉ាងណា អភិបាលខេត្តបន្ទាយមានជ័យ ក៏បានអះអាងទៀតថា អាជ្ញាធរខេត្តស្រះកែវរបស់ថៃមិនមានសមត្ថកិច្ចកំណត់ព្រំដែន និងអនុវត្តច្បាប់ក្នុងស្រុកថៃមកលើសហគមន៍កម្ពុជាដែលបាននិងកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាលនោះទេ។ ផ្ទុយទៅវិញ យោងតាម MOU ឆ្នាំ២០០០ និងកំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាង បានឯកភាពរក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។ ប៉ុន្តែអាជ្ញាធរសៀមនៅតែធ្វើសកម្មភាពដោយឯកតោភាគី ហើយសកម្មភាពដដែលៗនេះ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ ចាត់ទុកជាការបង្កហេតុដែលនាំឱ្យមានភាពតានតឹងកើនឡើងនៅតំបន់ដែលកំពុងមានជម្លោះ និងបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងបំពាននូវលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC), លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ព្រមទាំងរំលោភបំពានលើកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានឱ្យអាជ្ញាធរខេត្តស្រះកែវរបស់ថៃបញ្ឈប់នូវផែនការបណ្តេញប្រជាជនរាប់រយគ្រួសាររបស់កម្ពុជាចេញពីផ្ទះសម្តែង និងដីធ្លីដែលពួកគេបានរស់នៅជាច្រើនទសវត្សរ៍។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តស្រះកែវរបស់ថៃបានដាក់ឱសានុវាទកំណត់រយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៦ ខែកញ្ញារហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឱ្យពលរដ្ឋខ្មែរចាកចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យជាកំហិត។ បើផុតឱសានុវាទនេះ អាជ្ញាធរសៀម នឹងប្រើប្រាស់ច្បាប់អាជ្ញាសឹកចាប់ពលរដ្ឋខ្មែរទៅដាក់ទោសទណ្ឌតាមច្បាប់របស់ប្រទេសសៀម។ ប៉ុន្តែជាយ៉ាងនេះក្តី ក្រសួងការបរទេសកម្ពុជា ក៏ធ្លាប់បានបញ្ជាក់រួចហើយថា ថៃមិនអាចយកច្បាប់ប្រទេសរបស់ខ្លួនមកអនុវត្តទោសទណ្ឌលើប្រជាពលរដ្ឋក្រៅពីដែនអធិបតេយ្យប្រទេសរបស់ខ្លួនបានឡើយ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត











